ព័ត៌មានជាតិ

អាល្លឺម៉ង់ ៖ ជនរងគ្រោះ​ស្លាប់ ក្នុង​មហន្តរាយ​ទឹក​ជំនន់កើនឡើង​ដល់​ ​១៥៦​នាក់

ចំនួន​​ជន​រងគ្រោះ​បាត់​បង់​ជីវិត បង្ក​ឡើង​ដោយ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ ដែល​វាយ​បោក​បក់​​លើ​បណ្តាប្រទេស​នៅ​អឺរ៉ុបមួយ​ផ្នែក ​កាលពី​យប់​ថ្ងៃពុធ​ទី ​ឆ្លង​ចូល​ថ្ងៃព្រហស្បតិ៍​ទី​១៥​កក្កដា បាន​កើន​ឡើង​កាន់​តែ​ច្រើន​។ ប្រឈម​នឹង​គ្រោះ​មហន្តរាយ​មរណៈ​មិន​ធ្លាប់​ប្រទះ​ លោកស្រី​ប្រធានគណៈកម្មការ​អឺរ៉ុប និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​រួច​ពី​ស្លាប់​ និង​រងគ្រោះ​ នៅ​ថ្ងៃអាទិត្យ​ទី ១៨​កក្កដា​នេះ។

 

លោកស្រី​មែរកិល​ មាន​គម្រោង​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​នៃ​ភូមិ​ Schuld​ ដែល​រលុប​ស្ទើរ​​បាត់​ពីផែន​ទី​ ​ដោយ​ទឹក​ជំនន់​និង​ការ​ហូរបាក់​ដី។ នេះ​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ​ដែល​អាល្លឺម៉ង់​មិន​ធ្លាប់​ប្រទះ​ពី​មុនមកទេ។ គ្រោះទឹកជំនន់​ដ៏​ធំ​ខ្លាំង​ជាងគេ​កាលពី​១០០​ឆ្នាំ​មុន​ក៏​មិន​ខ្លាំង​ដូច​នេះ​ដែរ។

ជា​សរុប​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​​ គ្រោះ​មហន្តរាយ​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​​យ៉ាង​ហោច​ណាស់​១៨៣​នាក់ ​ក្នុង​នោះ ២៧​នាក់​នៅប៊ែលហ្សិក​ និង​១៥៦​នាក់​នៅ​ប្រទេស​អាល្លឺម៉ង់។ តុល្យការ​នៅ​អាល្លឺម៉ង់​អាច​នឹង​កាន់​តែធ្ងន់ធ្ងរ​បន្ថែម​ទៀត ព្រោះ​នៅមាន​អ្នក​បាត់​ខ្លួន​ជា​ច្រើន​សិប​នាក់​ទៀត។ ខណៈ​នេះ​ ការ​សង្គ្រោះ​និង​ការ​ស្វែង​រក​ជន​បាត់​ខ្លួន​​កំពុង​បន្ត​។

សូម​បញ្ជាក់​ថា​ នៅក្នុង​ចំណោម​ជន​រងគ្រោះជា​ច្រើ​នសិប​​​នាក់​​នៅ​អាល្លឺម៉ង់​នោះ មាន​គ្រួសារខ្លះ​ជា​ដើម​កំណើត​​ខ្មែរ​។ គ្រួសារ​ខ្មែរមួយ​ បាន​បាត់​បង់​កូន​ប្រុស​អាយុ​១៨​ឆ្នាំ ដែល​ស្នាក់​នៅ​មជ្ឈមណ្ឌល​ថែទាំក្មេង។ សាកសព​យុវជន​នោះ​ទើប​ត្រូវ​បាន​ប៉ូលិស​អាល្លឺម៉ង់​រក​ឃើញ​នៅ​ពីរ​ថ្ងៃ​ក្រោយ​គ្រោះ​ទឹក​ជំនន់៕

 

មតិយោបល់