គិតចាប់តាំងពីឆ្នាំ១៨៥០មក មានបឹងចំនួនជិត១២០០ បានកើតថ្មី នៅតំបន់ជួរភ្នំអាល់ប៉ែកខាងស្វីស ដែលជាអតីតតំបន់ភ្នំទឹកកក។ ក្នុងចំណោមនោះ មានបឹងយ៉ាងហោច១ពាន់ មាននៅរហូតដល់សព្វថ្ងៃ។នេះបើតាមការសិក្សាចុះបញ្ជីបឹងរបស់វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទឹកនៃសកលវិទ្យាល័យZurich និងការិយាល័យបរិស្ថានសហព័ន្ធ។
បឹងដែលកើតថ្មីជាលទ្ធផលនៃផ្ទាំងទឹកកកដែលនៅពេលហួតរលាយអស់ទៅ ក្លាយជាទឹកដក់លើដីផតក្រហូង ដែលមានទំនប់ធម្មជាតិ។ តូចរាប់ជាថ្លុក ធំក្លាយជាបឹង។
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះល្បឿននិងកំណើននៃចំនួនបឹងដ៏ច្រើន ក្នុងរយៈពេលដ៏ខ្លី។ មុនការសិក្សា ពួកគេគិតថា ការឡើងកម្តៅអាកាសធាតុ ដែលធ្វើទឹកកករលាយលឿនអាចបង្កើតបឹងថ្មីប៉ុន្មានរយប៉ុណ្ណោះ។ តែដោយពិតទៅ គ្រាន់តែមួយទសវត្សរ៍ចុងក្រោយនេះ គេរាប់ឃើញមានបឹងកើតថ្មីដល់ទៅ១៨០បឹងទៅហើយ។
នៅរវាងពី ២០០៦ ទៅ២០១៦ មានលេចបឹងច្រើនខ្លាំងគួរកត់សម្គាល់មែនទែន ក្នុងកំរិត១៨បឹងជាមធ្យម ក្នុងមួយឆ្នាំៗ។ តំបន់មានទឹករីកធំជាង៤០០ម៉ែត្រការ៉េក្នុងមួយឆ្នាំៗ។ ចំណែកទំហំបឹងកើតថ្មី ក៏មានផ្ទៃក្រឡាធំ។ បឹងថ្មីធំជាងគេកើតនៅឆ្នាំ២០១៦ មានទំហំ៤០ហិចតារ តែភាគច្រើនជាកូនបឹងតូចក្រោមមួយហិចតារ។ នេះបើតាមបញ្ជាក់បន្ថែមរបស់ក្រុមអ្នកស្រាវជ្រាវដដែល ដោយរំលឹកថា នេះជាភស្តុតាងថ្មី និងជាក់ច្បាស់មើលឃើញនឹងភ្នែកតែម្តងអំពីការប្រែប្រួលអាកាសធាតុនៅតំបន់ជួរភ្នំអាល់។ ហើយការចុះបញ្ជីរាប់ចំនួនបឹងជាចំណុចចាប់ផ្តើម នៃការសង្កេតនិងវិភាគអំពីឥទ្ធិពលនៃការប្រួលអាកាសធាតុចំពោះភ្នំទឹកកក។
ដូចផ្នែកផ្សេងនៃជួរភ្នំអាល់ភ៍ដែរ ភ្នំទឹកកកនៅខាងស្វីសចាប់រលាយ។ កាលពីឆ្នាំទៅ តែមួយឆ្នាំគត់ ភ្នំទឹកកកបានរលាយមកនៅតូចជាងមុនអស់២%។ អនាគតទៅ ទោះបីពិភពលោកទាំងមូលគោរពបានទាំងស្រុងតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ទប់កម្តៅផែនដី មិនឱ្យឡើងលើស២អង្សារបានក៏ដោយ ក៏ផ្ទាំងទឹកកកនៅលើជួរភ្នំAlpes នឹងត្រូវកម្តៅស្រូបឱ្យរលាយបាត់អស់២ភាគបីនៃទំហំបច្ចុប្បន្ន។
ក្រៅអំពីបំភ្លឺអំពីការប្រែប្រួលអាកាសធាតុ ការធ្វើបញ្ជីរាប់ចំនួនបឹងថ្មីនេះក៏មានប្រយោជន៍សម្រាប់ផ្នែកសន្តិសុខស៊ីវិល សម្រាប់ធ្វើជាទីតាំងទេសចរណ៍ថ្មីដ៏ទាក់ទាញផង ព្រមទាំងពង្រីកទំនប់សប្បនិម្មិតដើម្បីសង់មជ្ឈមណ្ឌលវារីអគ្គីសនីផង។
ការសិក្សាអាចសម្រេចបាន ដោយមានផែនទីDufour នៅឆ្នាំ១៨៤០-១៨៧០ ជាសំអាងផង និងរូបភាពថតពីលើអាកាសកាលពីឆ្នាំ១៩៤៦ផង៕
មតិយោបល់