ព័ត៌មានជាតិ

រំលោភមិនប្រណី សូម្បីស្រ្តីមានសតិ វិបល្លាស!..

បន្ទាយមានជ័យ: នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨ នៅចំណុចមណ្ឌលបី ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហុក ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ ពីបទ រំលោភសេពសន្ថវ: លើស្រ្តីដែលជាជនវិបល្លាសស្មារតី។

គួរបញ្ជាក់ថា នៅវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ លោកបានទទួលពាក្យបណ្តឹងពីឈ្មោះ អ.ព ភេទស្រី អាយុ ៦៣ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះ ពីបទរំលោភសេពសន្ថវ:ទៅលើឈ្មោះ អ.ស.ជ ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាកូនស្រីរបស់គាត់ ។

ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួររួចមក ជនសង្ស័យបានសារភាពថា ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានផឹកស្រាបៀរនៅបន្ទប់របស់ខ្លួន តាំងពីព្រលឹម រហូតដល់ពេលល្ងាច បណ្តាលឲ្យស្រវឹងជោកជាំ ហើយបានហៅជនរងគ្រោះមកផឹកជាមួយ លុះជនរងគ្រោះផឹកបានចំនួន២កំប៉ុង ជនសង្ស័យបាននាំជនរងគ្រោះទៅផឹកនៅខាងក្រៅបន្ទប់ ក្នុងរោងគ្មានមនុស្សនៅ ពេលនោះជនសង្ស័យបានឱប ថើបជនរងគ្រោះតាមចិត្ត ដោយមើលឃើញថាជនរងគ្រោះមិនមានការរើបម្រាស់ ជនសង្ស័យក៏បានដៃហើយអូសដៃជនរងគ្រោះចូលក្នុងបន្ទប់ទឹក ស្ថិតនៅក្នុងដីទំនេរមួយកន្លែងដែលគ្មានមនុស្សរស់នៅ ស្ថិតក្បែរបន្ទប់របស់ខ្លួន ហើយធ្វើសកម្មភាពរំលោភតែម្តង។ ពេលកំពុងរំលោភ ស្រាប់តែម្តាយរបស់ជនរងគ្រោះបានឃើញ ហើយបានចាប់ទាញជនសង្ស័យចេញមកក្រៅ និងស្រែកឲ្យអ្នកជិតខាងមកជួយ។ ឃើញហេតុការណ៍មិនអំណោយផល ជនសង្ស័យបានរត់គេចខ្លួនតែម្តង រហូតដល់វេលាម៉ោង៨ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនតែម្តង បញ្ជូនទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់