(ម៉ូស្គូ)៖ រុស្ស៉ីនៅថ្ងៃអង្គារ ទី២១ ខែកក្កដានេះ បានសម្ញែងគំរូយន្តហោះចម្បាំងបំបាំងកាយស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លួន ដែលត្រូវរចនាឡើងជាពិសេសទុកប្រជែងជាមួយ យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក។
យន្តហោះចម្បាំងថ្មីខាងលើដែលមានរហ័ស្សនាម Checkmate និងជាប្រភេទយន្ដហោះចម្បាំងក្នុងត្រកូល Sukhoi ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Rostec និងក្រុមហ៊ុន United Aircraft Corporation (UAC) របស់រុស្ស៉ី។ បើតាមក្រុមហ៊ុន Rostec យន្តហោះចម្បាំងជំនាន់ទី៥នេះ មានកៅអី១ ដែលបំពាក់នូវ បច្ចេកវិទ្យាទំនើបៗទាន់សម័យបំផុត ដូចជាបច្ចេកវិទ្យាបញ្ញាឆ្លាតវៃ (AI) និងបច្ចេកវិទ្យាបំបាំងកាយពីប្រព័ន្ធរ៉ាដា។
មិនតែប៉ុណ្ណោះ Checkmate ថែមទាំងមានសមត្ថភាពវាយប្រហារគោលដៅចំនួន៦ ក្នុងពេលតែមួយទៀតផង មិនថាគោលដៅនោះនៅលើដីគោក លើផ្ទៃសមុទ្រ ឬនៅលើផ្ទៃអាកាសនោះទេ៕
ប្រភព៖ AFP
មតិយោបល់