(ប៉េកាំង)៖ ចិនទើបទទួលជោគជ័យក្នុងការធ្វើតេស្តបច្ចេកវិទ្យា ដែលគ្រប់គ្រងទៅលើទីតាំងចុះចត នៃសំបកគ្រាប់រ៉ុក្កែត ឬជាភាសាអង់គ្លេសហៅថា បច្ចេកវិទ្យា ហ្វ៊ែររីង (fairings) ដែលត្រូវធ្លាក់មកលើផ្ទៃផែនដីវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។
គួរបញ្ជាក់ថា សំបកគ្រាប់រ៉ុក្កែតនោះ គឺជាគម្របបំពាក់នៅក្បាលរ៉ុក្កែត ដែលប្រើប្រាស់សម្រាប់ការពារយានអវកាស ឬឧបករណ៍ផ្សេងៗ ដែលត្រូវបញ្ជូនឡើងទីអវកាស ពីការកម្លាំងសម្ពាធ និងកម្តៅនៃការកកិត កំលុងការធ្វើដំណើរឆ្លងកាត់ស្រទាប់បរិយាកាស។ ពីមុនៗមក សំបកក្បាលគ្រាប់រ៉ុក្កែត គឺត្រូវគេទុកឲ្យរលាយឆេះក្នុងស្រទាប់បរិយាកាស ឬមួយក៏ត្រូវខ្ទេចពេលធ្លាក់ចូលសមុទ្រមួយទំហឹង ក្រោយវាផ្តាច់ចេញពីក្បាលរ៉ុក្កែត។
ប៉ុន្តែសព្វថ្ងៃនេះ គឺមានការយកចិត្តទុកដាក់ ដើម្បីព្យាយាមស្រោចស្រង់វាមកវិញតាមសម្រួល ដូចអ្វីដែលក្រុមហ៊ុន SpaceX របស់អាមេរិកបានធ្វើជាដើម ព្រោះការផលិតវាសម្រាប់បេសកកម្មមួយជើងៗ ក៏ត្រូវចំណាយរាប់លានដុល្លារផងដែរ៕
មតិយោបល់