ព័ត៌មានជាតិ

អាមេរិក​និង​អាល្លឺម៉ង់​ បាន​សម្រេច​កិច្ចព្រមព្រៀង​លើ​គម្រោង​សង់​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 ខណ:​អឺរ៉ុប កំពុងពិចារណា

សហរដ្ឋអាមេរិក​និង​អាល្លឺម៉ង់​បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃពុធ​ រក​ឃើញ​កិច្ចព្រមព្រៀង​​លើ​គម្រោង​សាង​សង់​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 ​ពី​រុស្ស៊ី​​ត្រង់​មក​​អាល្លឺម៉ង់ ​ប្រវែង​ ១២៣០​គីឡូម៉ែត្រ សង់​កាត់​ក្រោម​សមុទ្ទ​បាល់​ទិក ​​ដោយ​មិន​ឆ្លង​កាត់​អ៊ុយក្រែន ដូច​បណ្តា​បំពង់​ឧស្ម័ន​មុន​ៗ​ទេ។ នៅក្នុង​គម្រោង​កិច្ចព្រមព្រៀង ប៊ែរឡាំង​បាន​សន្យា​នឹង​ដាក់​ទណ្ឌកម្មរុស្ស៊ី​​នូវ​រាល់​ការ​ប៉ុនបង​យក​ថាមពល​មក​ធ្វើ​ជា​អាវុធ​សម្រាប់​វាយប្រហារ​ប្រឆាំង​អ៊ុយក្រែន​ឬ​ប្រទេស​ផ្សេង​ទៀត នៅ​អឺរ៉ុប។

​គណៈកម្មការ​អឺរ៉ុប​​អបអរ​​អាល្លឺម៉ង់ដែល​​ចេះ​គោរព​គោលការណ៍​និងច្បាប់​ថាមពលអឺរ៉ុប​ ដែល​ចង់​​បន្ថយ​ការ​ពឹង​ផ្អែក​​លើ​រុស្ស៊ី​ក្នុង​វិស័យ​ថាមពល។ អឺរ៉ុបសន្យា​​ពិនិត្យ​មើល​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ​ជាមួយ​បណ្តា​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប ព្រមទាំង​បណ្តា​ប្រទេស​ជិត​ខាង​ មានជាអាទិ៍​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​នាំពាក្យ​​គណៈកម្មការអឺរ៉ុប​ទៅ​កាន់​អ្នក​សារព័ត៌មាន។

ប៉ុន្តែ​​ដោយ​មិន​បង្អង់ ប៉ូឡូញ​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​មុន​គេ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ជាមួយ​អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បានរិះគន់​កិច្ចព្រមព្រៀង​អាមេរិក​និង​អាល្លឺម៉ង់​ថាជា​ “ការ​គំរាមកំហែង​នយោបាយ​ យោធា និង​ថាមពល សម្រាប់​អ៊ុយក្រែន​និង​អឺរ៉ុប​កណ្តាល។ ហើយ​លទ្ធផល​សម្រេច​នេះ នឹង​បង្កើន​សមត្ថភាព​រុស្ស៊ីក្នុង​ការ​​បង្ក​អស្ថិរភាពដល់​តំបន់​អឺរ៉ុប”។ ពាក្យ​សន្យា​របស់​អាមេរិក​និ​ងអាល្លឺម៉ង់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​រុស្ស៊ី ក្នុង​ករណី​ម៉ូស្គូ​ល្មើស​ មិន​គ្រប់​គ្រាន់​សម្រាប់​ក្រសែ​ភ្នែក​វ៉ាសូវី​និង​ក្រុង​គៀវ​ទេ។

រដ្ឋាភិបាល​ប៉ូឡូញ ដែល​ជាប់​ឈ្មោះ​សមាជិក​អឺរ៉ុប​ជំទើង​ជាង​គេ ​ប្រឆាំង​បំផុត​នឹង​គម្រោង​Nord Stream2 តាំង​ពី​ដំបូង​ ​និងបាន​ព្រមាន​អំពីគ្រោះ​ហានិភ័យ​របស់​អឺរ៉ុប​ដែល​រំពឹង​ខ្លាំង​លើ​រុស្ស៊ី​ក្នុង​វិស័យ​ថាមពល។ ប៉ូឡូញ​ខ្លួន​ឯង​ផ្ទាល់​ ក៏​នាំ​ចូល​ឧស្ម័ន​ពី​រុស្ស៊ី​ដែរ តែ​បាន​ប្រកាស​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​Gazromរុស្ស៊ីទេ​ ចាប់​ពី​ឆ្នាំ​២០២២​ទៅ ដោយ​ងាយ​ទៅ​រក​ទិញ​ឧស្ម័ន​ពី​ប្រទេស​ន័រវែស​វិញ។ ដើម្បី​ធានាសុវត្ថិភាព​ថាមពល​ ប៉ូឡូញ​ចង់​​ផ្តួច​ផ្តើម​អភិវឌ្ឍន៍​គម្រោង​ថាមពល​បី​សមុទ្ទ ដែល​ជា​ការ​ប្រមូល​ផ្តុំ​ក្រុមប្រទេស​នៅ​អឺរ៉ុប​កណ្តាល និង​អឺរ៉ុប​ខាង​កើត។ គម្រោងដែល​អាល្លឺម៉ង់​បាន​ប្រកាស​គាំទ្រ​ភ្លាម កាលពី​ថ្ងៃពុធ​ទី ២១​កក្កដា តែ​ទំនង​ដើម្បី​លួង​ចិត្ត​ប៉ូឡូញ​ក៏​មិន​ដឹង៕

FILE PHOTO: Workers are seen at the construction site of the Nord Stream 2 gas pipeline, near the town of Kingisepp, Leningrad region, Russia, June 5, 2019. REUTERS/Anton Vaganov//File Photo

មតិយោបល់