(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធតាលីបង់ ៣៣នាក់ត្រូវបានសម្លាប់ និង១៧នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហាររបស់កងទ័ពអាកាសអាហ្វហ្កានីស្ថាន នៅក្នុងខេត្តចំនួន២ កាលពីថ្ងៃសុក្រម្សិលមិញនេះ។
បើតាមក្រសួងការពារជាតិអាហ្វហ្កានីស្ថាន នៅភាគខាងជើងខេត្ត Jawzjan ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ១៩នាក់ត្រូវបានសម្លាប់ និង១៥នាក់រងរបួស បន្ទាប់ពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសអាហ្វហ្កានីស្ថាន បានបាញ់តម្រង់ចំគោលដៅលាក់ខ្លួនរបស់ពួកគេ នៅក្នុងភូមិ Murghab និង Hassan Tabbin ស្ថិតនៅជាយក្រុងនៃទីរួមខេត្ត Shiberghan។
ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ១៤នាក់ទៀតក៏ត្រូវបានសម្លាប់ និង ០២នាក់ផ្សេងទៀតក៏រងរបួសផងដែរ ខណៈដែលកងទ័ពអាកាសអាហ្វហ្កានីស្ថាន បានវាយប្រហារទីតាំងរបស់ពួកគេស្ថិតនៅជាយក្រុង Lashkar Gah នៃទីរួមខេត្ត Helmand៕
ប្រភព៖ CGTN
មតិយោបល់