ព័ត៌មានជាតិ

មុខសញ្ញាប្រើកាំបិតភ្ជង់យកម៉ូតូ និងទូរស័ព្ទដៃចំនួន០២នាក់ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

បាត់ដំបង: កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០០និង៣០នាទី ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិ ចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាបធ្វើការបង្ក្រាបករណីលួច មានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតភ្ជង់ យកម៉ូតូនិងទូរស័ព្ទដៃ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ ឡាច ងួនយី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការ ឃាត់ខ្លួនមុខសញ្ញារូបនេះ គឺបន្ទាប់ពីមុខសញ្ញាខាងលើ និងបក្ខពួកគេបាន ធ្វើសកម្មភាព ដោយប្រើប្រាស់កាំបិតភ្ជង់យកម៉ូតូ និងទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ ឃុយ ចាន់ដារ៉ាវត្តី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ០៤ និង០០នាទី នៅចំណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និងបានធ្វើសកម្មភាព ដោយប្រើប្រាស់កាំបិត ភ្ជង់យកទូរស័ព្ទដៃម៉ាក HUAWEI ពណ៌មាស ពីជនរងគ្រោះឈ្មោះ ព្រួញ សុភក្រ្ត័ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទីនៅចំណុចភូមិ ចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ផ្តើមពីការសាកសួរស្រាវជ្រាវនេះ ជនសង័្សយខាងលើ បានសារភាពអំពីសកម្មភាព របស់ខ្លួនរួមជាមួយនឹងបក្ខពួកម្នាក់ទៀត ដែលរួមគ្នាធ្វើសកម្មភាព ដូចករណីខាងលើ ហើយនៅវេលាម៉ោង១០និង៤៨នាទីថ្ងៃដដែលនេះ សមត្ថកិច្ចបានសម្រេច នាំខ្លួនបក្ខពួកគេនោះម្នាក់ទៀត នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី០៥ ភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺឈ្មោះ សារ៉ម លី ហៅជីន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន៖ -ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ លេខតួ5211887 លេខម៉ាស៊ីន0211887 គ្មានស្លាកលេខ០១គ្រឿង (ជារបស់ជនរងគ្រោះ),-ទូរស័ព្ទដៃម៉ាក HUAWEI ពណ៌មាស០១គ្រឿង (ជារបស់ជនរងគ្រោះ)
-ដំបងដែក ពណ៌ខ្មៅ០១ដើម,-កាំបិតកែច្នៃដងដែក០១ដើម,-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ប្រាក់ដុល្លារក្លែងក្លាយមួយចំនួន ។

បច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់