ក្នុងសំណុំរឿងភូមា អាស៊ានមានចរន្តពីរប្រឈមគ្នា។ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី មានជំហរ ប្រឆាំងនឹងដាច់ខាតរដ្ឋាភិបាលដឹកនាំដោយយោធានិងការរៀបចំជំនួបចរចាជាមួយបក្សប្រឆាំងភូមា។ ចំណែកម្ខាងទៀត នាំមុខថៃ អមដោយកម្ពុជានិងវៀតណាម គាំទ្រដំណោះស្រាយតាមផ្លូវការទូត។ តែអាស៊ានមានប្រពៃណី និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដូច្នេះហើយបានការស្វែងរកដំណោះស្រាយតាមផ្លូវទូតត្រូវជួបការលំបាកខ្លាំង។
ប៉ុន្តែបន្ទាប់ពីជាប់គាំងអស់ជាច្រើនខែ និងក្រោមសម្ពាធរបស់អង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិក នៅទីបំផុតអាស៊ានបានរកឃើញអន្តរការពិសេសសម្រាប់ទទួលបន្ទុកដោះស្រាយវិបត្តិឱ្យភូមា។
ជួបប្រជុំគ្នាតាំងពីថ្ងៃចន្ទទី ២សីហា រដ្ឋមន្ត្រីក្រសួងការបរទេសទាំង១០ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃពុធទី ៤សីហា តែងតាំង អនុរដ្ឋមន្ត្រីការបរទេសព្រុយណេ លោក អេរីវ៉ាន់ យូស៊ុហ្វ Erywan Yusofជាអន្តរការីពិសេសរបស់អាស៊ាន ទទួលបន្ទុកដោះស្រាយវិបត្តិនៅភូមា។ លោក យូស៊ុហ្វ មានភារៈស្ថាបនាទំនុកចិត្តនិងអាចភ្ជាប់ទំនាក់ទំនងពេញលេញជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ទាំងក្រុមប្រឆាំងភូមាផង។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍អាស៊ានដដែល។
សូមបញ្ជាក់ថាលោក អេរីវ៉ាន់ យូស៊ុហ្វ ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសភូមា និងបានជួបពិភាក្សាជាមួយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលតាំងខ្លួនជាប្រមុខដឹកនាំរដ្ឋាភិបាលភូមា ម្តងហើយកាលពីខែថ្ងៃទី ៤មិថុនា។
អំណើះតទៅ ក្រៅអំពីទទួលបន្ទុកដោះស្រាយវិបត្តិនយោបាយ បិទបញ្ចប់អំពើហិង្សា និងនាំគ្រប់ភាគីជម្លោះភូមាឱ្យចូលតុចរចា អាស៊ានអាចចាប់ផ្តើមផ្តល់និងពាំនាំជំនួយមនុស្សធម៌ទៅភូមា ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ១៩។ បើតាមការព្រមានរបស់អង់គ្លេស នៅពីរសប្តាហ៍ខាងមុខ ភូមាអាចនឹងមានករណីវិជ្ជមានកូវីដចំនួន២៧លាននាក់ ពោលគឺត្រូវជាពាក់កណ្តាលនៃប្រជាជនសរុប។ ចំណែកសេវាសុខាភិបាលវិញមានដំណើរការតែ៤០%។ នេះបើតាមតួលេខរបស់អង្គការសហប្រជាជាតិ៕
មតិយោបល់