ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ ហែម ដារិទ្ធ ចុះបង្ក្រាបទីតាំងភោជនីយដ្ឋានឈ្មោះ នីសាកែវព្រិល ដែលលួចបើកខុសបម្រាមរដ្ឋបាលរាជធានីភ្នំពេញ ។
ហេតុការណ៍ចុះបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៤០ នាទីយប់ថ្ងៃទី០៤ ខែ សីហា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ចំណុចជិតនឹងផ្សារបឹងបៃតង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំ និងបើកហាងផឹកស៊ីជួបជុំគ្នានោះទេ ដោយចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីត១៩ តែផ្ទុយទៅវិញ ដោយហាងឈ្មោះ នីសាកែវព្រិល មិនគោរពតាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារៀបចំ កម្មវិធីខួបកំណើត និងមានការជួបជុំ និងប្រមូលផ្តុំគ្នាខុសពីគោលការរបស់រាជរដ្ឋភិបាល ទើបខាងគណៈបញ្ជាការ ឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្រ្កាបភ្លាមៗ និងឃាត់បានមនុស្សប្រុសស្រីចំនួន១៣នាក់ ។
ក្រោយពីធ្វើការឃាត់ខ្លួន មនុស្ស១៣នាក់ប្រុសម្នាក់ ក៏បានអោយក្រុមគ្រូពេទ្យចុះមកយកសំណាក ដោយលទ្ធផលគឺអវិជ្ជមានទាំងអស់ បន្ទាប់មកទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនម្ចាស់ហាងម្នាក់ ដឹកយកទៅអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំបន្ត ចាត់ការទៅតាមនីតិវិធី ។ ចំណែកឯនារី១២នាក់ទៀត ធ្វើការណែនាំរួចបានឲ្យត្រឡប់ទៅផ្ទះវិញ ៕
មតិយោបល់