ភ្នំពេញៈ អ្នកកាសែតម្នាក់ បានជួបគ្រោះថ្នាក់ ចរាចរណ៍ស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូលឿន ទៅប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាល នឹងថ្នល់បាក់.កតែម្ដង។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៩ និង ១០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងកើតរង្វង់មូលចោមចៅ ចម្ងាយប្រមាណ ២០០ម៉ែត្រ ស្ថិតក្នុងភូមិជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ តាំង គ័ងឡុង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ កាសែត រស់នៅចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ជិះម៉ូតូម៉ាកស្គុតពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-2728 ជិះតែម្នាក់ឯង។
ដំណើររឿង៖ ដំបូងឡើយ គេឃើញជនរងគ្រោះ ជិះម៉ូតូស្គុតពីធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ពីលិចមកកើត។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅប៉ះនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះមកវាស់វែង យកម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំណែកសព បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់