វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ៦២០០ដូស ដើម្បីចាក់ជូនជាដូសទី៣ ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកមកដល់ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២១ និងធ្វើពិធីប្រគល់-ទទួលវ៉ាក់សាំងនាពេលនេះ ក្រោមអធិបតីភាព លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ។
ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta ដែលអាចឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ បើសិនយើងទាំងអស់គ្នា មិនទប់ស្កាត់ទេនោះ ដូចនេះ សូមបងប្អូន បន្តអនុវត្តវិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួននូវវិធាន « ៣ ការពារ» ( ពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ ) និង « ៣ កុំ » ( កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកាន់កន្លែងបិតជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ) ព្រមទាំងទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅពេលដល់វេនរបស់ខ្លួន នៅតាមទីតាំង និងពេលវេលាដែលបានកំណត់ ។
សូមបញ្ជាក់ថា៖ យុទ្ធានាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ប្រភេទ Astra Zeneca ដូសទី៣ ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ នឹងអនុវត្ត ចាប់ពីថ្ងៃ អាទិត្យ ទី ០៨ ខែ សីហា ឆ្នាំ ២០២១ តាមការជូនដំណឹង របស់រដ្ឋបាលខេត្ត ។
ដោយ: មន្ទីរព័ត៌មានខេត្តព្រះវិហារ
មតិយោបល់