សមយុទ្ធ ZAPAD/INTERACTION-2021 គឺជាសមយុទ្ធយោធារួមគ្នារវាងចិន និងរុស្ស៊ី ដែលបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃច័ន្ទនៅឯមូលដ្ឋានហ្វឹកហ្វឺនយុទ្ធសាស្ត្រអាវុធរួមគ្នានៃកងទ័ពរំដោះប្រជាជនចិន (PLA) នៅតំបន់ស្វយ័ត Ningxia Hui នៅក្នុងប្រទេសចិនភាគពាយ័ព្យ។
លោក Li Zuocheng សមាជិកនៃគណៈកម្មការយោធាមជ្ឈិម (CMC) និងជាប្រធានបុគ្គលិកនៃនាយកដ្ឋានបុគ្គលិករួមរបស់ CMC បានបម្រើការជាអគ្គនាយកសម្រាប់សមយុទ្ធនេះ។
នៅក្នុងពិធីបើកសមយុទ្ធនោះ លោក Li បានប្រកាសនូវបទបញ្ជាសម្រាប់ការចាប់ផ្តើមសមយុទ្ធនេះ។ ក្រុមមន្រ្តី និងទាហានមកពីកងយោធាទាំងពីរភាគីដែលបានចូលរួមសមយុទ្ធនោះ ត្រូវបានរៀបចំឡើងជាទម្រង់លើដីគោកចំនួន ១៣ក្រុម និងទម្រង់ដែនអាកាសចំនួន ២ក្រុម។
យោងតាមមន្រ្តីយោធាចិន និងរុស្ស៊ីបានឱ្យដឹងថា សមយុទ្ធរួមគ្នានេះមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅដល់ប្រតិបត្តិការប្រឆាំងភេរវកម្មរវាងកងយោធាចិន និងរុស្ស៊ី និងបង្ហាញអំពីការប្តេជ្ញាចិត្ត និងភាពរឹងមាំរបស់ប្រទេសទាំងពីរដើម្បីរួមគ្នាការពារសន្តិសុខ និងស្ថេរភាពក្នុងតំបន់ និងអន្តរជាតិ។
មន្ត្រីទាំងនោះបាននិយាយថា វាឆ្លុះបញ្ចាំងអំពីកម្រិតថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-រុស្ស៊ីសម្រាប់យុគសម័យថ្មី និងការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ការផ្លាស់ប្តូរដែលសំអាងលើលទ្ធផល និងការសម្របសម្រួលជាក់ស្តែងរវាងប្រទេសទាំងពីរ។ សមយុទ្ធរួមគ្នានេះគ្រោងនឹងធ្វើបន្តរហូតដល់ថ្ងៃទី១៣ ខែសីហា៕
មតិយោបល់