ព័ត៌មានជាតិ

រថយន្ត២គ្រឿងបើកបត់ត្រឡប់ក្រោយស្រប ទិសគ្នាមិនប្រយ័ត្នខូចខាតទាំសងខាង

ភ្នំពេញ : រថយន្តចំនួន២គ្រឿង មួយគ្រឿងប្រភេទបែនដឹកទំនិញ មួយគ្រឿងកាមរីឆ្លាម បើកស្របទិសហើយបត់ត្រឡប់ក្រោយស្របគ្នា តែដោយសារការកង្វះប្រុងប្រយ័ត្នទើបកៀរគាបជាប់គ្នាទៅមុខលែងរួច រងខូចខាតមុខអស់មួយចំហៀង កាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តកាមរីឆ្លាម ពណ៌ស្ករ ចង្កូតស្តាំ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-1639 ជិះជាលក្ខណ:គ្រួសារ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច សសៀរជាប់នឹងទ្រូងផ្លូវ ចំណែកភាគីរថយន្តបែនកង់៦ ម៉ាកពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ KPS-1218 ដឹកពីដុងទឹកថ្នាំ សម្រាប់លាយបេតុង បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ កម្មករ៣នាក់ទៀត ធ្វើដំណើរស្របទិសគ្នា តែនៅពីខាងស្តាំរថយន្តកាមរីឆ្លាម បើកទន្ទឹមគ្នា លុះដល់ចំណុចខាងលើ បត់ឆ្វេងត្រឡប់ក្រោយស្របគ្នា តែដោយសារការកង្វះប្រុងប្រយ័ត្ន ដណ្តើមទៅមុនរៀងខ្លួន ទីបំផុតកៀរគាបជាប់គ្នា ទៅមុខលែងរួច រថយន្តកាមរីរងខូចខាតផ្នែកខាងមុខមួយចំហៀង ។

ក្រោយកើតហេតុ ខណ:ដែលកើតហេតុចំកណ្តាលផ្លូវ ហើយចំចន្លោះទ្រូងផ្លូវដាច់ផង ប្រឈមកកស្ទះចរាចរ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទៅ បាញ់ថ្នាំចំណាំ ហើយនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ផ្តល់ឱកាសឲ្យម្ចាស់ភាគីទាំង២ និយាយសម្របសម្រួលគ្នាមួយជំហាន ក្នុងករណីមិនត្រូវគ្នា មានតែប្រគល់ជូនជំនាញខណ្ឌ ចាត់ការបន្ត៕

 

មតិយោបល់