សហរដ្ឋអាមេរិកបាននិយាយថា ការពារប្រទេសអាហ្វហ្គានីស្ថានអាស្រ័យលើកងកម្លាំងសន្តិសុខ បន្ទាប់ពីពួកសកម្មប្រយុទ្ធតាលីបង់បានដណ្តើមបានទីរួមខេត្តទី ៦ កាលពីថ្ងៃច័ន្ទ ជាមួយនឹងទីក្រុងជាប់ព្រំដែន និងផ្លូវពាណិជ្ជកម្មមួយចំនួន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា បេសកកម្មយោធាសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាននឹងត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែសីហានេះ ដោយសំអាងថាប្រជាជនអាហ្វហ្គានីស្ថានត្រូវសម្រេចពីអនាគតរបស់ខ្លួន ហើយលោកនឹងមិនបញ្ជូនជនជាតិអាមេរិកជំនាន់ក្រោយទៅចូលរួមក្នុងសង្គ្រាមដែលមានរយៈពេល ២០ ឆ្នាំនោះទេ។
នៅថ្ងៃច័ន្ទនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ប្រេសិតសហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថានលោក Zalmay Khalilzad បានចាកចេញទៅកាន់ប្រទេសកាតាដែលជាកន្លែងដែលលោកនឹង “ដាក់សំពាធលើក្រុមតាលីបង់ដើម្បីបញ្ឈប់ការវាយលុកផ្នែកយោធារបស់ពួកគេ និងដើម្បីចរចារកដំណោះស្រាយផ្នែកនយោបាយ” ។
ក្រសួងការបរទេសបាននិយាយថា នៅក្នុងកិច្ចពិភាក្សាដែលមានរយៈពេលបីថ្ងៃ អ្នកតំណាងមកពីរដ្ឋាភិបាល និងអង្គការពហុភាគីនឹងសង្កត់ធ្ងន់ទៅលើការកាត់បន្ថយអំពើហិង្សា និងបទឈប់បាញ់ និងការប្តេជ្ញាចិត្តមិនទទួលស្គាល់រដ្ឋាភិបាលដែលប្រើកម្លាំងទ័ព។
ក្រុមតាលីបង់ដែលកំពុងប្រយុទ្ធដើម្បីដាក់ឱ្យប្រើច្បាប់អ៊ីស្លាមដ៏តឹងរឹងបន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញកាលពីឆ្នាំ ២០០១ បានបង្កើនយុទ្ធនាការដើម្បីផ្តួលរំលំរដ្ឋាភិបាលនៅពេលដែលកម្លាំងបរទេសដកចេញ។
កាលពីថ្ងៃច័ន្ទ ពួកគេបានដណ្តើមយកទីក្រុង Aybak ដែលជារដ្ឋធានីនៃខេត្ត Samangan ស្ថិតនៅភាគខាងជើងប្រទេស។
លោក Ziauddin Zia តំណាងរាស្ត្រនៅទីក្រុង Aybak បាននិយាយថា “ឥឡូវនេះក្រុមតាលីបង់កំពុងប្រយុទ្ធជាមួយកងកម្លាំងអាហ្វហ្គានីស្ថានដណ្តើមយកទីបញ្ជាការនគរបាល និងសាលាខេត្ត” ។
“ផ្នែកខ្លះនៃរដ្ឋធានីត្រូវបានពួកតាលីបង់កាន់កាប់” ។
កាលពីចុងសប្តាហ៍ ក្រុមបះបោរបានដណ្តើមយកទីរួមខេត្តចំនួនបី គឺ Zaranj នៅខេត្ត Nimroz ភាគខាងត្បូង Sar-e-Pul នៅខេត្ត Nimroz ភាគខាងជើង និង Taloqan នៅខេត្ត Takhar ភាគឥសាន្ត។ ពួកគេបានដណ្តើមយកទីរួមខេត្ត Kunduz ភាគខាងជើង និង Lashkar Gah នៃខេត្ត Helmand រួចទៅហើយ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនិន្នាការនេះ ប៉ុន្តែកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានមានសមត្ថភាពដើម្បីប្រយុទ្ធជាមួយក្រុមបះបោរ ៕
មតិយោបល់