ព័ត៌មានជាតិ

តើនរណាជាអ្នកផ្តល់ជំនួយដល់ក្រុមតាលីបង់?

ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​បាន​ឲ្យ​ដឹង​ថា វា​មិន​អាច​ទៅ​រួច​ក្នុង​ការ​ស្ទង់​ដឹង​ពី​ទំហំ​ទឹកប្រាក់​ឲ្យ​ប្រាកដរបស់​ក្រុម​តាលីបង់​ ដែល​រៃអង្គាស​បាន​នោះ​ទេ។ របាយការណ៍​មួយ​ស្តី​ពី​ឯករាជ្យភាព​នៃ​ហិរញ្ញវត្ថុ​ដែល​គេ​រកឃើញ​ បាន​បង្ហាញ​ថា ក្រុមបះបោរ​នេះ​មាន​ទឹកប្រាក់​ច្រើន​ខ្លាំង ក្នុង​នោះ​ទឹកប្រាក់​រៃអង្គាស​បាន​មាន​ចំនួន​ប្រមាណ​ពី ៣០០​លានដុល្លារ ​ទៅ ១,៦ពាន់​លាន​ដុល្លារ​ ក្នុងមួយ​ឆ្នាំ។

​របាយការណ៍​របស់​អង្គការ​សហប្រជា​ជាតិ​ នា​ខែ​មិថុនា​ ឆ្នាំ​២០២១​ ដែល​ផ្អែក​លើ​ទី​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់ប្រទេស​ជា​សមាជិក​ បាន​បង្ហាញ​ថា​ ថវិកា​ភាគ​ច្រើន​របស់​ក្រុម​តាលីបង់​បាន​មក​ពី​សកម្មភាព​ឧក្រិដ្ឋ​នានា​ ដូចជា​ផលិតផល​អាភៀន ការ​ជួញ​ដូរ​គ្រឿង​ញៀន ការ​គំរាម​ទារ​ប្រាក់ និង​ការចាប់​ជម្រិត​មនុស្ស​យកប្រាក់​ជាដើម។

ទីភ្នាក់ងារស៊ើបការ​សម្ងាត់​មួយបាន​ឲ្យ​ដឹង​ថា​ ក្រុមតាលីបង់​អាច​រក​ចំណូល​បាន​ដល់ ៤៦០ ​លាន​ដុល្លារ តាមរយៈ​ការ​ជួញ​ដូរគ្រឿង​ញៀន​តែ​មួយ​មុខ។

របាយ​កាណ៍​របស់​អង្គការ​សហប្រជាជាតិ​ ក៏​បាន​ឲ្យ​ដឹងទៀត​ថា មេដឹកនាំ​ក្រុម​តាលីបង់​ក៏​អាច​រក​ចំណូល​បន្ថែម តាម​រយៈ​ការ​ទាញ​យក​ផល​ពី​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់ ​ដែល​ខ្លួន​បាន​ក្តោបក្តាប់​ដោយ​ក្នុង​នោះ​ក្រុម​នេះ​រកបាន​ប្រាក់​ប្រមាណ ៤៦៤លាន​ដុល្លារ កាលពី​ឆ្នាំ​ ២០២០ ​តាមរយៈ​ការរុ​ករក​រ៉ែ។

មេដឹកនាំ​ក្រុម​តាលីបង់​ក៏​ទទួល​បាន​ប្រាក់​ពី​ការ​បរិច្ចាគ​នានា ​ដែល​អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុកថា​ជា «បណ្តាញ​នៃ​មូល​និធិ​សប្បុរស​ធម៌​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល» និង​ពី​ក្រុម​គាំទ្រ​បេសកកម្ម​របស់​ក្រុម​តាលីបង់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ហូរ​ហៀរ។

ដោយ​ឡែក មន្រ្តី​អាមេរិក ក៏​បាន​និយាយ​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ថា ក្រុម​តាលីបង់​ក៏​បាន​ទទួល​ជំនួយ​ជា​ថវិកា អាវុធ​ និង​ការ​បណ្តុះ​បណ្តាល​នានា​ពីប្រទេស​រូស្ស៊ី​ផងដែរ។

ក្រុមអ្នក​វិភាគ​ផ្សេង​ទៀត​យល់​ឃើញ​ថា​ ក្រុម​តាលីបង់​នៅតែ​ទទួល​ជំនួយ​ជាថវិកា​ពី​ប្រទេស​បាគីស្ថាន​ ហើយ​ជំនួយ​ខ្លះ​ពី​ប្រទេស​អ៊ីរ៉ង់។

ទោះជា​យ៉ាងណា​ក៏ដោយ នៅពេល​ដែល​ក្រុម​តាលីបង់​អាច​នឹង​មាន​ថវិកា​គ្រប់​គ្រាន់​ក្នុង​ការ​ដណ្តើម​កាន់កាប់​ប្រទេស​អាហ្វហ្គានី​ស្ថាន​ទាំងមូល​ ដោយ​កម្លាំង​យោធា​បាន​ នោះ​គេ​នឹង​នៅតែ​ចោទសួរ​ថា តើ​ក្រុមនេះ​អាច​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​ប្រទេស​អាហ្វហ្គា​នីស្ថាន​ដោយខ្លួន​ឯង​ដែរ​ឬយ៉ាង​ណា។

យោងតាម​ទិន្នន័យ​ចុង​ក្រោយ​បង្អស់​របស់​ធនាគារ​ពិភពលោក​ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ចំណាយ​ថវិកា​ប្រមាណ​ ១១ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ​ ២០១៨ ដោយ​ក្នុង​នោះ ​៨០​ភាគរយ​ បាន​មក​ពី​ជំនួយ​បរទេស។

កាលពី​ខែមីនា​កន្លង​ទៅ​នេះ​ លោក​ John Sopko អគ្គ​អធិការ​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​លើ​កិច្ចការ​ស្តារ​ឡើងវិញ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បាន​និយាយថា​៖ «​សូម្បី​តែ​ក្រុម​តាលីបង់​ក៏​ដឹង​ដែល​ថា​ ប្រទេស​អាហ្វហ្គានី​ស្ថាន​ចាំបាច់​ត្រូវការ​ជំនួយ​បរទេស» សម្រាប់​ការស្តារ​ប្រទេសឡើងវិញ។

មតិយោបល់