លោក ជៀប សួរ អគ្គនាយកប្រេងកាតកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIតាមតេឡេក្រាមនៅថ្ងៃទី២៨សីហានេះថា កម្ពុជាបានដាក់ពាក្យបណ្តឹងទៅប្រទេសឥណ្ឌូណេស៊ីរួចហើយ តែមិនទាន់ដឹងថានឹងមានការឆ្លើយតបបែបណានៅឡើយ ខណៈភាគីឥណ្ឌូណេស៊ីស៊ីកំពុងធ្វើការងារនេះ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters យោធាជើងទឹកឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនបានឃាត់នាវាដឹកប្រេងឈ្មោះ MT Strovolos នៅតំបន់ដែនសមុទ្រកោះស៊ូម៉ាត្រា កាលពីថ្ងៃទី២៧ ខែកក្កដា ប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរកម្ពុជាបានស្នើឲ្យប៉ូលិសអន្តរជាតិឃាត់នាវាដឹកប្រេងមួយនេះ។ នៅក្នុងនាវាដែលមានប្រវែងជិត២០០ម៉ែត្រនេះ គឺមាននាវិកជាជនជាតិឥណ្ឌា១៣នាក់ ជនជាតិបង់ក្លាដែស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់ដែលបានចូលចតដោយខុសច្បាប់នៅមូលដ្ឋានរបស់ខ្លួនជិតប្រទេសសិង្ហបុរី។
នៅពេលសួរថា ហេតុអ្វីកម្ពុជាមិនប្តឹងទៅសិង្ហបុរី ក្នុងសំណុំរឿងនេះ ដែលស្គាល់ថាជាក្រុមហ៊ុនវិនិយោគរបស់សិង្ហបុរី លោក ជៀប សួរ បានគូសបញ្ជាក់ថា ក្រុមហ៊ុន Kris Energy បានចុះបញ្ជីនៅកោះកៃម៉ង( Cayman Island)។ គឺជាកោះមួយក្នុងទ្វីបអាមេរិកខាងជើងដែលកាន់ដោយអង់គ្លេស។ លោកថាកម្ពុជាប្តឹងតែខាងនាវាដែលលួចដឹកប្រេងរបស់កម្ពុជាចេញទៅតែប៉ុណ្ណោះពោលមិនប្តឹងទៅកាន់អាជ្ញាធរដែនដីនៃក្រុមហ៊ុន Kris Energy នេះទេ ដោយសំអាងថា ការធ្វើបែបនេះគឺជាការគោរពទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
បើយោងទៅតាមទីភ្នាក់ងារព័ត៌មាន Reuters នាវាឈ្មោះ MT Strovolosនេះបានដឹកប្រេងឆៅប្រមាណ៣០ម៉ឺនបារ៉ែល ដែលមានតម្លៃប្រហែល២០លានដុល្លារនោះ ចេញពីប្លុកបូមប្រេងឈ្មោះអប្សរាក្នុងតំបន់ឈូងសមុទ្រថៃ កាលពីថ្ងៃទី២១ ខែឧសភា ដោយផ្អែកលើការយល់ស្របថាប្រេងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Kris Energy ដែលបានជួលនាវា។
ប៉ុន្តែកាលពីខែមិថុនា ក្រុមហ៊ុន Kris Energy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រកាសក្ស័យធន ហើយថាខ្លួនមិនមានលទ្ធភាពសងបំណុលនោះឡើយ ដោយអះអាងថា មកពីការធ្លាក់ចុះប្រាក់ចំណូល នៃការអភិវឌ្ឍន៍វិស័យប្រេងនៅក្នុងប្រទេសកម្ពុជា៕
មតិយោបល់