ជារបាយការណ៍ដ៏សម្ងាត់បំផុតមួយ ដែលជាលទ្ធផលនៃការសិក្សាអង្កេតរបស់ភ្នាក់ងារចារកិច្ចអាមេរិកបួនក្រុម បន្ទាប់ពីធ្វើការស្រាវជ្រាវវិភាគទិន្នន័យអស់រយៈពេល៩០ថ្ងៃ តាមសំណើរបស់លោកប្រធានាធិបតីអាមេរិក ចូបៃដិន។
មិនអាចបំភ្លឺបានគ្រប់ចម្ងល់ទេ ប៉ុន្តែបើតាមរបាយការណ៍សង្ខេបដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រទី២៧សីហា បានជម្រះមន្ទិលនិងអាចច្រានចោលសេណារីយ៉ូខ្លះតែម្តង។ បើតាមសេចក្តីសន្និដ្ឋានចុងក្រោយរបស់ក្រុមចារកិច្ចអាមេរិក វីរុស Sars-CoV-2 ឈ្មោះបច្ចេកទេសរបស់មេរោគបង្កជំងឺកូវីដ១៩ មិនមែនជាកើតចេញពីការផលិតកែសម្រួលហ្សែនទេ និងក៏មិនមែនជាមេរោគសិប្បនិម្មិតបង្កើតឡើងសម្រាប់យកប្រើជាអាវុធជីវសាស្ត្រដែរ។
ប៉ុន្តែក្រុមអ្នកអង្កេត នៅតែមិនអាចផ្តល់ចម្លើយដ៏ពិតប្រាកដមួយ ស្តីពីប្រភពនៃជំងឺកូវីដ១៩ថាតើ វាបណ្តាលមកពីឆ្លងមេរោគពីសត្វឈឺមកមនុស្ស ឬមកពីមានគ្រោះថ្នាក់នៅក្នុងមន្ទីរពិសោធន៍។ ជាសម្មតិកម្មពីរដែលទំនងពិតជាងគេ។ នេះបើតាមរបាយការណ៍ដដែលដែលបានគូសបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលចិនទំនងជាមិនបានដឹង/ស្គាល់វីរុសនេះទេ មុនផ្ទុះក្លាយជាជំងឺរាតត្បាត។
នៅក្នុងចំណោមក្រុមចារកិច្ចទាំងបួនក្រុម បីមិនអារកាត់សម្មតិកម្មទាំងពីរនេះទេ មានតែមួយក្រុមប៉ុណ្ណោះដែលផ្តល់ការវិភាគសន្និដ្ឋាន “ក្នុងកំរិតជំនឿមធ្យម” ថា មេរោគទំនងជាធ្លាយពីក្នុងមន្ទីរពិសោធន៍វីរុសវ៉ូហាន ពេលសិក្សាស្រាវជ្រាវលើសត្វប្រចៀវ។ ការសិក្សារបស់អ្នកជំនាញអង្គការសហប្រជាជាតិកន្លងមក បានសន្និដ្ឋានថាមេរោគបានប្រចៀវបានឆ្លងមកមនុស្សតាមរយៈសត្វមួយផ្សេងទៀត តែរហូតមកទល់នឹងពេលនេះ គេនៅតែរកមិនឃើញថាតើជាសត្វអ្វី។
របាយការណ៍មិនអាចផ្តល់ចម្លើយពិតប្រាកដបាន។ តែបើតាមលោកចូបៃដិន ព័ត៌មានសំខាន់ៗស្តីពីប្រភពនៃជំងឺកូវីដ មាននៅក្នុងដៃចិន តែអ្នកទទួលខុសត្រូវចិន បិទបាំងមិនឱ្យអ្នកអង្កេតអន្តរជាតិនិងភ្នាក់ងារសុខភាពពិភពលោកឃើញ។ ជាមួយនឹងពាក្យចោទប្រកាន់ លោកចូបៃដិន បានអំពាវនាវឱ្យចិនព្រមអនុញ្ញាតឱ្យអ្នកជំនាញអន្តរជាតិដឹកនាំអង្កេតរកប្រភពកូវីដជាថ្មី ព្រោះអាមេរិកមិនបញ្ឈប់សកម្មភាពស្វែងរកការពិតឡើយ។ តែដោយគ្មានបង្អង់ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍តប ថាក្រុមចារកិច្ចអាមេរិកត្រូវនយោបាយដឹកច្រមុះ លុងក្នុងគំនិតចង់តែទម្លាក់កំហុសដាក់លើចិន៕



មតិយោបល់