ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់​ចរាចរណ៍​ប្រចាំខែសីហា​ច្រើនជាងខែមុនៗ ​គឺបណ្តាលមកពីករណីកូវីដ​មានការថយចុះ​

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន ១៩៩លើក មានការថយចុះចំនួន៩លើក ហើយអ្នករងរបួសមានចំនួន ២៤១នាក់ ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ មានដល់ទៅ ១២៣នាក់ កើន ១៦នាក់ធៀបនឹងខែកក្កដាកន្លងទៅ ដែលមានអ្នកស្លាប់ចំនួន១០៧នាក់។ កំណើននៃការស្លាប់ដោយគ្រោះចរាចរណ៍ប្រចាំខែសីហា កន្លងទៅនេះ ត្រូវបានកត់សម្គាល់ថា កើតឡើងក្រោយព្រឹត្តិការណ៍ចំនួន២ គឺការធ្វើដំណើររបស់ប្រជាពលរដ្ឋសែសាលាយចិន នៅក្នុងឱកាសសែនក្បាលទឹក និងការធ្វើដំណើររៀងរាល់ចុងសប្តាហ៍ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ដែលនេះបង្ហាញពីការធ្វើចរាចរណ៍មានកំណើនឡើងវិញ។

ទោះយ៉ាងណា អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០២១នេះ ប្រៀបធៀបទៅនឹងខែសីហា ឆ្នាំ២០២០កន្លងទៅវិញ គឺបានថយចុះចំនួន ៧៩លើក ស្មើនឹង ២០% និងរបួសបានថយចុះ ៤៥% តែកើនអ្នកស្លាប់ ២%។

លោក ស ខេង ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការចេញផ្សាយជាសាធារណៈនេះ បានក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ ឲ្យបន្តរឹតបន្តឹងការអនុវត្តឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ដោយលោកបញ្ជាក់ថា នេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះ អ្នកជំនាញខាងចរាចរណ៍ផ្លូវគោកនានា ក៏បានមើលឃើញផងដែរពីការប្រឹងប្រែងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ប៉ន្តែបញ្ហាចរាចរណ៍នៅកម្ពុជា ពិតជាមិនអាចបន្ធូរដៃបានឡើយ។ មិនអាចបន្ធូរដៃ គឺដោយសារពលរដ្ឋខ្មែរឆាប់ភ្លេចខ្លួន ការយល់ដឹងច្បាប់ចរាចរណ៍នៅមានកំរិត រួមនឹងបុគ្គលមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ខ្លះ នៅតែពាក់ព័ន្ធនឹងអំពើពុករលួយ ដោយសារកត្តាជីវភាពរបស់ពួកគេជាដើម៕

មតិយោបល់