(Reuters) - កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរតនាគារជាតិសហរដ្ឋអាមេរិកបានប្រាប់គ្រឹះស្ថានហិរញ្ញវត្ថុថា ពួកគេអាចដំណើរការផ្ញើប្រាក់សម្រាប់បុគ្គលឯកជនទៅអាហ្គានីស្ថាន ដែលជាវិធានការមួយបានធ្វើឡើងស្របគ្នាជាមួយការធានាលំហូរសាច់ប្រាក់សម្រាប់ជំនួយ មនុស្សធម៌។
ការសម្រេចនេះអនុញ្ញាតឲ្យមានការផ្ទេរប្រាក់ដែលអាចផ្តល់នូវការធូរស្បើយខ្លះដល់សេដ្ឋកិច្ចអាហ្គានីស្ថានដែលជិតដួលរលំបន្ទាប់ពីវិធានការដើម្បីបញ្ឈប់ជំនួយបរទេស និងបង្កកទ្រព្យសម្បត្តិអាហ្គានីស្ថានចំនួន ០៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក របស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតបន្ទាប់ពីការចូលកាន់កាប់របស់ក្រុមតាលីបង់កាលពីថ្ងៃទី ១៥ ខែសីហា។
ប្រជាជនអាហ្គានីស្ថានជាច្រើនពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រាក់ដែលផ្ញើពីពលករចំណាកស្រុកទៅក្រៅប្រទេស។ ដោយយោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានឲ្យដឹងថា ការផ្ញើប្រាក់សម្រាប់បុគ្គល ឯកជនមានចំនួនប្រមាណ ៧៨៩ លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ ២០២០ ឬស្មើនឹងជាង បួនភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់អាហ្គានីស្ថាន។
ក្រុមហ៊ុន Western Union (WU.N) ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ធំបំផុតរបស់ពិភពលោក និង ក្រុមហ៊ុនMoneyGram បានផ្អាកសេវាកម្មផ្ទេរប្រាក់បន្ទាប់ពីក្រុមតាលីបង់ដណ្តើមប្រទេសបានដោយបិទប្រភពសាច់ប្រាក់ដ៏សំខាន់ដែលគ្រួសារជាច្រើនពឹងផ្អែកសម្រាប់ចំណាយលើម្ហូបអាហារ។
អ្នកនាំពាក្យក៏បាននិយាយថា សេចក្តីណែនាំការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់រតនាគារជាតិសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងសំណួរកាលពីសប្តាហ៍មុន បានត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មទាំងនោះដើម្បីបន្តប្រតិបត្តិការនៅអាហ្គានីស្ថាន ហើយក៏អនុវត្តចំពោះធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតផងដែរ។
និយាយនៅថ្ងៃព្រហស្បត្តិ៍ ក្រុមហ៊ុន Western Union បានថា ខ្លួនកំពុងដំណើរការសេវាកម្មផ្ទេរប្រាក់ ឡើងវិញទៅអាហ្គានីស្ថាន ដោយនិយាយថាការសម្រេចនេះគឺស្របតាមការជំរុញរបស់សហរដ្ឋអាមេរិកដើម្បីអនុញ្ញាតឲ្យបន្តសកម្មភាពមនុស្សធម៌។
នៅថ្ងៃទី ២៥ ខែសីហា រតនាគារបានចេញអាជ្ញាប័ណ្ណអនុញ្ញាតឲ្យសហរដ្ឋអាមេរិក និងដៃគូ បន្តជួយសម្រួលដល់ជំនួយមនុស្សធម៌រួមទាំងការផ្តល់អាហារ និងថ្នាំ ទោះបើមានការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកទៅលើក្រុមតាលីបង់ក៏ដោយ។
ជាធម្មតាការទូទាត់ភាគច្រើនដែលផ្ញើទៅអាហ្គានីស្ថាន ដោយពលករចំណាកស្រុកទៅប្រទេសអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អង់គ្លេស អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។
សេដ្ឋកិច្ចរបស់អាហ្គានីស្ថានពឹងផ្អែកយ៉ាងខ្លាំងទៅលើសាច់ប្រាក់ ប៉ុន្តែដោយសារមានធនាគារតិចតួច ដូចនេះការផ្ញើប្រាក់ចូលមានសារៈសំខាន់ណាស់។ អ្នកជំនាញហិរញ្ញវត្ថុបាននិយាយថា ការដាក់ទណ្ឌកម្មទៅលើក្រុមតាលីបង់ អាចធ្វើគ្រឹះស្ថានហិរញ្ញវត្ថុធំៗ ស្ទាក់ស្ទើរក្នុងការផ្ទេរប្រាក់សម្រាប់បុគ្គលឯកជនបើទោះបីជាមានការណែនាំពីរតនាគារក៏ដោយ។
មតិយោបល់