ព័ត៌មានជាតិ

ក្រុមតាលីបង់​បាន​ប្តេជ្ញា​ការពារ​សន្តិសុខ​ និង​សុវត្ថិភាព​ ដល់​ក្រុមបុគ្គលិក​ និង​ការងារមនុស្សធម៌ នៅ​អាហ្វហ្កានីស្ថាន

អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌ ​លោក Martin Griffiths បាន​អញ្ជើញទៅដល់​ក្រុង​កាប៊ុល​កាលពីថ្ងៃអាទិត្យ​ទី ៥​កញ្ញា​ និង​បន្ត​ស្ថិត​នៅ​ទីនោះ​ជា​ច្រើន​ថ្ងៃ​ទៀត ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​តាលីបង់​ ដោះស្រាយ​​វិបត្តិ​មនុស្សធម៌ដ៏ធ្ងន់ធ្ងរ​​នៅ​អាហ្វហ្កានីស្ថាន។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ លោក​អគ្គលេខាធិការ​រង​បាន​បញ្ជាក់​ជា​ថ្មី​ថា សហគមន៍​អន្តរជាតិ​នឹង​បន្ត​​ផ្តល់​ជំនួយ​មនុស្សធម៌​​​ដល់​អាហ្វហ្កានីស្ថាន​ ដោយ​គ្មាន​លម្អៀង និង​ដោយ​ឯករាជ្យ​ តែ​គ្រប់​ភាគី​នៅ​អាហ្វហ្កានីស្ថាន ត្រូវ​គោរព​សិទ្ធិស្ត្រី ទាំង​ក្នុងរង្វង់​ប្រជាជន​ផង ទាំ​ងក្នុង​រង្វង់​ក្រុមការងារ​មនុស្សធម៌ផង។

ចំណែក​តាលីបង់​វិញ ក៏​បាន​សន្យា​​ ធានា​រ៉ាប់រង​ ការពារ​សន្តិសុខ និង​សុវត្ថិភាព​ ជូន​ក្រុមការងារ​មនុស្សធម៌ផង និង​ ធានាសេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ ធ្វើ​បំលាស់​ទី​ របស់​ក្រុមការងារ​មនុស្ស​ធម៌​ស្រី-ប្រុស ក្នុង​បុព្វហេតុ​ចែក​ចាយ​ជំនួយ​ដល់​ពលរដ្ឋ​អាហ្វហ្កានីស្ថាន​តាម​សេចក្តី​ត្រូវ​ការ​ផង​​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដដេល​។ អ្នកនាំពាក្យ​តាលីបង់​ក៏​បាន​បញ្ជាក់​ដូច​គ្នា ថា​តាលីបង់​អរគុណ និង​ធានា​​សហការព្រមទាំង​ផ្តល់​ទីតាំង​ចាំចាច់​​ ដើម្បី​ឱ្យ​ដំណើរការ​ចែកចាយ​ជំនួយមនុស្សធម៌​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន។

បើ​តាម​អង្គការ​សហប្រជាជាតិ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​អាហ្វហ្កានីស្ថាន​​សរុប​ជាង​៣៨​លាន​នាក់ ពាក់​កណ្តាល​ត្រូវ​ការ​ជំនួយ។ ហើយ​ជាង​ពាក់កណ្តាល​នៃ​ក្មេង​អាយុ​ក្រោយម​៥​ឆ្នាំ ប្រឈម​នឹង​ភាព​អត់​ឃ្លាន​ នៅ​ឆ្នាំខាង​មុខ។ អាហ្វហ្កានីស្ថាន​រស់​រំពឹង​នឹង​ជំនួយ​អន្តរជាតិ​ តាំង​ពី​មុន​តាលីបង់​ដណ្តើម​អំណាច​បាន​ស្រាប់​ទៅ​ហើយ។ ​៤០%​នៃ​ផលិត​ផលសរុប​ក្នុងស្រុក​ជាជំនួយ​​ហិរញ្ញវត្ថុ​បរទេស។ នៅ​ថ្ងៃទី ១៣ កញ្ញា​ខាង​ក្រោម លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres ​នឹង​ដឹកនាំ​ជំនួប​ប្រជុំ​មួយ​នៅទីក្រុង​ហ្សឺណែវ ដើម្បី​ស្វែង​រកជំនួយ​បន្ថែម​មក​ជួយ​អាហ្វហ្កានីស្ថាន៕

មតិយោបល់