ព័ត៌មានជាតិ

របប​យោធា​បាន​គំរាម​រំលាយ​គណបក្ស​របស់​លោកស្រី​ អ៊ុងសាន​ ស៊ូជី​ ស្របពេលប្រព័ន្ធផ្សព្វផ្សាយ​រាយការណ៍​​ថា​ មានការលុប​ចោល​នូវ​​អាយុ​ចូល​និវត្តន៍​សម្រាប់​មេដឹកនាំ​យោធា

នៅក្នុងប្រទេសភូមា ជាង ៣ ខែក្រោយរដ្ឋប្រហារ ស្ថានការណ៍នៅតែស្ថិតក្នុងភាពវឹកវរ​ និង​កំពុង​តែឈាន​ដល់​របត់ថ្មីមួយទៀត​ ហើយនោះ គឺ​ការ​ប៉ុនប៉ង​ រំលាយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​​ប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុងសានស៊ូ ជី​។

នៅពេលថ្មីៗនេះ​ របប​យោធា​បាន​គំរាមរំលាយ​គណបក្ស​របស់​លោកស្រី ស៊ូជី​ ជុំវិញ​រឿង​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​។ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត​របស់ប្រទេស​ភូមា​លោក ថេន សៃ បាន​និយាយនៅថ្ងៃសុក្រ​ម្សិលមិញ​ថា ដំណើរការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​ករណី​លួច​បន្លំនៅក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ខែ វិច្ឆិកា​ ឆ្នាំ​២០២០​ ជិត​រួចរាល់​ហើយ​។

តាមរយៈវីដេអូ​ដែលត្រូវបានបង្ហោះ​នៅលើគណនី​ហ្វេសប៊ុករបស់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយរបស់​ភូមា​ លោកថេន សៃ​ បានលើកឡើងថា​ គណៈកម្មាធិការ​នឹងវិភាគ​ហើយ​ពិចារណា​ចាត់វិធានការ​ ចំពោះ​គណបក្សរបស់លោកស្រី ស៊ូជី​ ដែល​បានប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​។ សំណួរដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតភូមា​ចោទសួរឡើងនោះ​គឺថា​តើគួរ​រំលាយ​គណបក្សសម្ព័ន្ធជាតិដើម្បី​ប្រជាធិបតេយ្យ​ ឬក៏​ត្រូវចោទប្រកាន់អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើនេះ​ ថាជា​ជនក្បត់ជាតិ?

ក្រោមហេតុផល​ថា​ គណបក្ស​របស់​លោកស្រីស៊ូជី​ បាន​លួច​​បន្លំសន្លឹកឆ្នោត​នេះ​ មេដឹកនាំ​យោធា​លោក​ឧត្តមសេនីយ៍​ មីនអ៊ុង ឡាំង​ បានបង្ហាញ​ថា​វា​គឺ​ជា​រឿង​ត្រឹមត្រូវ​ហើយ​ ដែល​កងទ័ព​ភូមា​ធ្វើរដ្ឋប្រហារ​ដណ្តើមអំណាច​ពី​ស៊ីវិល​។

ជាការគួរឲ្យកត់សម្គាល់ដែរ​ គេ​សង្កេតឃើញថា​ លោក​មីនអ៊ុង ឡាំង កាន់តែ​បង្ហាញមហិច្ឆតាចង់​គ្រប់គ្រង​អំណាច​ទាំងស្រុង និង​រយៈពេល​យូរ​នៅ​ភូមា។ ជាក់ស្តែង​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២០ ឧសភា​ ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​របស់​ភូមា​បាន​រាយការណ៍​ថា​ របប​យោធា​បាន​សម្រេច​ដកចេញ​នូវ​លក្ខខណ្ឌ​ចូលនិវត្តន៍នៅវ័យ ៦៥ ឆ្នាំ​ ដែល​ជា​កាតព្វកិច្ច​សម្រាប់​មេ​ដឹក​នាំ​យោធា​។

ទាក់ទងចំណុចនេះ គួរបញ្ជាក់ថា លោកលោក​ឧត្តមសេយ៍​ មីន អ៊ុងឡាំង នឹងឈាន​ចូល​វ័យ​ ៦៥​ ឆ្នាំ នៅខែកក្កដាខាងមុខនេះ។ ដូច្នោះហើយ គេអាចយល់​ថា​ ការលុប​ចោល​នូវ​​អាយុ​ចូល​និវត្តន៍​សម្រាប់​មេដឹកនាំ​យោធា គឺជាការ​បើក​ផ្លូវ​អនុញ្ញាត​ឲ្យ​ លោកមីន អ៊ុងឡាំង ​អាច​នៅ​បន្ត​កាន់​អំណាច​យូរ​បន្ត​ទៅមុខ​ទៀត​៕

 

 

មតិយោបល់