ព័ត៌មានជាតិ

​វៀតណាម​​កាត់​ទោស​ដាក់​​​ពន្ធនាគារចំនួន​៥​ឆ្នាំ​ លើពលរដ្ឋ​ម្នាក់ ពី​បទ​បាន​រំលោភ​ច្បាប់​ធ្វើ​ចត្តាឡីស័ក​ ហើយ​លួច​ចេញ​ដើរ​ទៅ​ចម្លង​ជំងឺកូវីដ១៩

មាន​អាយុ​២៨​ឆ្នាំ រស់​នៅ​ក្រុង​ហូជីមិញ Le Van Tri បាន​ត្រលប់​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្ត​ ចាម៉ូវ ​ Ca Mau កាលពី​ខែ​កក្កដា ក្នុង​អំឡុង​ពេល​ប្រទេស​កំពុង​ផ្ទុះ​ជំងឺ​កូវីដ​១៩​ខ្លាំង​ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​ទោស ពី​បទ​បាន​ចម្លងជំងឺ​កំណាច​ទៅអ្នក​ដទៃ។ នេះ​បើ​តាម​សេចក្តីសម្រេច​របស់​តុលាការ​មូលដ្ឋាន ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។

ជាប់​ចោទ​ថា​មិន​គោរព​ចត្តាឡីស័ក ដែល​អាជ្ញាធរ​សុខាភិបាល​តម្រូវ​ឱ្យ​នៅ​ក្នុង​ផ្ទះ ចំនួន ២១​ថ្ងៃ ពេល​ម​ក​ដល់​ស្រុក​កំណើត​ភ្លាម បុរស​​នេះ មាន​លទ្ធផលតេស្ត​​វិជ្ជមាន​កូវីដ​១៩ នៅថ្ងៃទី ៧ កក្កដា ​ហើយ​បាន​ចម្លង​មេរោគ​ទៅ​មនុស្សជា​ច្រើន​នាក់ផ្សេង​ទៀត ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​ នៅ​ថ្ងៃទី ៧​សីហា។ នេះ​បើ​តាម​សេចក្តីលម្អិត​របស់​តុលាការ​ដដែល។ ទូរទស្សន៍​ជាតិ​បាន​លើក​ឡើង​ថាបុរស​ជាប់​ទោស​នេះ បាន​ធ្វើ​ឱ្យ​​មនុស្ស​យ៉ាង​ហោច​៨​នាក់បាន​ធ្លាក់​ខ្លួន​វិជ្ជមាន​កូវីដ១៩។

ស្ថិត​នៅភាគ​ខាងត្បូងនៃ​ប្រទេស​វៀតណាម​ ខេត្ត​ ចាម៉ូវ ពេល​នោះ ពុំ​ទាន់​រង​ការ​រាតត្បាត​ពីកូវីដ១៩​ទេ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ជាប់​ឈ្មោះ​ល្អ ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​ នៅ​ឆ្នាំ​ដំបូង ឆ្នាំ​២០២០​ អស់​ពេញមួយ​ឆ្នាំ ដោយ​មាន​ចំនួន​អ្នក​ឆ្លង​ថ្មី​តិច​តួច​បំផុត​នោះ វៀតណាម​បាន​ស្គាល់​រលក​រាតត្បាត​ស្ទុះ​ឡើង​ខ្លាំង និងយ៉ាង​ធ្ងន់ធ្ងរ នាពេលនេះ។

ចំនួនអ្នកឆ្លង​កូវីដបាន​កើន​ឡើងយ៉ាង​ឆាប់​រហ័ស ​ចាប់​ពីចុង​ខែ​មេសា​២០២១​មក រហូត​ឡើង​ដល់​ជាង​កន្លះ​លាន​នាក់ (ជាង៥៤០០០០នាក់) និង​មាន​អ្នក​ស្លាប់​ដល់​ទៅ​១៣០០០នាក់។ រដ្ឋធានី​ហាណូយ និង​ក្រុង​ហូជីមិញ ជា​ជង្រុក​កូវីដ​ធំជាង​គេ និង​ត្រូវ​ជាប់​បម្រាម​បិទ​ខ្ទប់​យ៉ាង​តឹង​តែង​បំផុត នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។

នៅ​វៀតណាម មាន​មនុស្ស​ជា​ច្រើន​នាក់​ហើយ​ដែល​តុលាការ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ពី​បទ​ចម្លង​កូវីដ​ទៅ​អ្នក​ដទៃ​នោះ។ កាលពី​ខែ​កក្កដា មាន​បុរស​ម្នាក់​អាយុ​៣២​ឆ្នាំ​រស់​នៅ​តំបន់​ភាគ​ខាង​ជើង ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ។ ភ្នាក់ងារ​បំរើការ​ក្នុង​យន្តហោះ​ម្នាក់​ត្រូវ​ជាប់ទោស​នៅក្រៅ​ឃុំចំនួន​​​ពីរ​ឆ្នាំ​ កាលពី​ខែ​មីនា ដោយ​មូលហេតុ​ដូច​គ្នា​តែ​មួយ​ គឺបាន​ចម្លង​វីរុស​កូវីដ​១៩​ទៅ​អ្នក​ដទៃ៕

 

មតិយោបល់