ព័ត៌មានជាតិ

កម្លាំងជំនាញចាប់ខ្លួនជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណ: នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៧និង២០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាប នៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A(ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឺងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ៖ ១-ឈ្មោះ YE YU SONG ភេទប្រុស កើតឆ្នាំ១៩៨១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG3299329 និង២-ឈ្មោះ លីង វេ(LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (គ្មាន) ព្រមទាំងចាប់យកវត្ថុតាងរួមមាន ៖ ១-អ៊ិចស្តាស៊ី (MDMA) 6kg 546,65g, ២-មេតំហ្វេតាមីន (ICE) 1kg 085,35g, ៣-អំហ្វេតាមីន 608,33g, ៤-កេតាមីន(Ketamine) 228,89g, ៥-នីមេតាហ្សេប៉ាម(Nimetazepam) 1kg 503,88g។ សរុបទម្ងន់ 9kg 973,10g, សារធាតុគីមី 4kg 684,70g, ទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

 

 

មតិយោបល់