ព័ត៌មានជាតិ

ការកើតកូនត្រូវតាមកំណត់ តែហេតុអ្វី មានទម្ងន់ខ្លួនតិច?

ទម្ងន់ខ្លួនប្រក្រតីរបស់ទារកដែលកើតត្រូវតាមកំណត់ គឺមានទម្ងន់ប្រមាណជា 2,500 – 4,000 ក្រាម ដូច្នេះទារកកើតភ្លាមដែលមានទម្ងន់ខ្លួនតិច គឺត្រូវតិចជាង 2,500 ក្រាម ។ មូលហេតុអាចបណ្តាលមកពីទាំងខ្លួនអ្នកម្តាយ និងទារកខណៈពេលមានគភ៌ ដូច្នេះយើងមកសឹក្សាអំពីរឿងនេះ ដើម្បីឱ្យបានដឹងពីបញ្ហាទាំងអស់គ្នា ។

* មូលហេតុ កូនកើតមកភ្លាមមានទម្ងន់ខ្លួនតិច

សុខភាពអ្នកម្តាយមិនរឹងមាំ ដោយសារតែមានរោគប្រចាំកាយ ឬមានជំងឺក្នុងអំឡុងពេលមានគភ៌ គ្រោងសាង ឬរូបរាងរបស់អ្នកម្តាយគ្មានចំណែកធ្វើឱ្យទម្ងន់ខ្លួនរបស់ទារកតិចនោះទេ អ្នកម្តាយខ្លះមាឌតូចល្អឹត តែបើមានសុខភាពល្អ ស្បូនរឹងប៉ឹងល្អកូននឹងមានទម្ងន់ខ្លួនពេលកើតភ្លាមធ្ងន់ល្អដែរ ។

អាយុរបស់អ្នកម្តាយ ភាពគ្រប់គ្រាន់ និងត្រៀមជាស្រេចក្នុងការមានបុត្រក៏ជាមូលហេតុមួយធ្វើឱ្យកូនតូចមានទម្ងន់ខ្លួនតិចឬច្រើនបានដែរ អ្នកម្តាយដែលមានគភ៌ខណៈដែលខ្លួនមិនបានត្រៀម ឬរាងកាយមិនទាន់ពេញគ្រប់គ្រាន់ គភ៌អាចនឹងមិនបានទទួលការថែបំប៉នបានសមរម្យឡើយ ។

ទារកដែលមានទម្ងន់ខ្លួនតិច អាចធ្វើឱ្យមានបញ្ហាដល់ការប្រសូត ដូចជា មានឱកាសប្រថុយប្រថានច្រើនក្នុងអំឡុងពេលប្រសូត ជាពិសេសទារកអាចមានការខ្វះអុកស៊ីហ្ស៊ែន ដូច្នេះពេលខ្លះត្រូវប្រើក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ មានជំនាញដើម្បីទទួល និងមើលថែទាំទារកក្នុងរយៈតំបូងតាំងពីពេលកើតភ្លាម ដូចជាមើលថែការដកដង្ហើមយ៉ាងល្អិតល្អន់ ព្រោះទារកប្រភេទនេះច្រើនតែជួបបញ្ហាការដកដង្ហើមដង្ហក់ ឬត្រូវការអុកស៊ីហ្ស៊ែនក្នុងអំឡុងពេលតំបូងរបស់ជីវិត ។

* បញ្ហាផ្សេងៗទៀតក្រោយពេលកើតចំពោះទារកដែលមានទម្ងន់ខ្លួនតិច

ទារកមិនអាចទ្រាំទ្រនឹងសីតុណ្ហភាពខាងក្រៅបាន ព្រោះជាតិខ្លាញ់នៅក្រោមស្បែកតិច ទារកអាចសំរួលខ្លួនមិនទាន់ ត្រូវនៅក្នុងទូចិញ្ចឹមសិន ដើម្បីឱ្យសីតុណ្ហភាពរាងកាយនឹងស្មើ ឬបើជាទារកដែលខ្លួនមិនសូវជាតូចខ្លាំងពេកដែលល្មមអាចគ្រប់គ្រងសីតុណ្ហភាពរាងកាយបាន មិនចាំបាច់ត្រូវចិញ្ចឹមក្នុងទូចិញ្ចឹមក៏បាន តែត្រូវពាក់មួក ពាក់អាវហ៊ុំក្រណាត់ក្រាស់ៗ និងអាចត្រូវមានការពិនិត្យមើលសីតុណ្ហភាពជាតំណាក់ៗទៀតផង ។

ក្រៅពីនេះ នៅមានបញ្ហាសភាវជាតិស្ករនៅក្នុងឈាមទាប ព្រោះតែអាហារប្រមូលសន្សំរបស់ទារកខ្លួនតូចពេលកើតភ្លាមមានតិច ។ សភាវខាប់របស់ឈាមខ្ពស់ បណ្តាលមកពីទារកខ្លះខ្វះអុកស៊ីហ្ស៊ែនក្នុងអំឡុងពេលនៅក្នុងគភ៌ ធ្វើឱ្យរាងកាយត្រូវផលឹតគ្រាប់​​ឈាមច្រើនឡើង ដើម្បីប្រឹងនាំយកអុកស៊ីហ្ស៊ែនទៅចិញ្ចឹមចំណែកផ្សេងៗក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ ។

* ការមើលថែទាំទារកដែលមានទម្ងន់ខ្លួនតិច

មុនគេបង្អស់ត្រូវមើលថែរឿងការដកដង្ហើម ត្រូវមានការតាមដានយ៉ាងជាប់ជានិច្ច ទន្ទឹមគ្នានោះដែរក៏ត្រូវមើលថែគ្រប់គ្រងសីតុណ្ហភាពខ្លួនប្រាណរបស់ទារក និងពិនិត្យឈាមដើម្បីមើលកំរឹតជាតិស្ករ និងភាពខាប់របស់ឈាមផងដែរ ។ នៅពេលពិនិត្យមើលហើយ បើអ្វីៗផ្សេងទៀតប្រក្រតីទាំងអស់ គ្រាន់តែទម្ងន់ខ្លួនពេលកើតមកតិចជាងធម្មតាប៉ុណ្ណោះ តែសុខភាពល្អជាធម្មតានោះ ចូរ

មើលថែទាំលើការបៅទឹកដោះ ដែលភាគច្រើនទារកប្រភេទនេះមិនសូវប៉ឹនបៅប៉ុន្មានទេ ត្រូវបង្ហាត់ឱ្យចេះបៅទឹកដោះឱ្យពូកែ និង ឱ្យបានគ្រប់គ្រាន់នឹងតម្រូវការជាមួយសិន ទើបអាចយកទៅចិញ្ចឹមតនៅផ្ទះ​​​បាន ហើយត្រូវសង្កត់ធ្ងន់ឱ្យឪពុកម្តាយមើលថែទាំយ៉ាងដឹតដល់ ផ្តល់នូវភាពកក់ក្តៅឱ្យបានល្អ ។ ជាទូទៅទារកប្រភេទនេះនឹងធំធាត់ទាន់គេឯងនៅពេលអាយុបាន 6 – 9 ខែ ។

ដូច្នេះនៅពេលបានដឹងហើយ អ្នកម្តាយដែលកំពុងមានគភ៌ គួរតែទៅពិនឹត្យមើលគភ៌តាំងពីដើមទី និងទៅជួបគ្រូពេទ្យជំនាតាមការណាត់ ដើម្បីពិនឹត្យតាមដានការចម្រើនធំធាត់របស់ទារកថា តើត្រឹមត្រូវតាមក្បួន និងអាយុឬទេ? បើមានអ្វីខុសប្រក្រតី លោកគ្រូពេទ្យនឹងបានរកពីមូលហេតុ និងមានផែនការសម្រាប់ការមើលថែទាំគភ៌របស់អ្នកម្តាយបានយ៉ាងត្រឹមត្រូវជាបន្តទៀត ៕

មតិយោបល់