ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូអនឡាញម្នាក់ ប្រើគ្រឿងញៀនក្នុងបន្ទប់ទឹក បែកការណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: កាលពីវេលាម៉ោង១១និង១០នាទីថ្ងៃទី១៨ខែធ្នូឆ្នាំ ២០១៩ ត្រង់ចំណុចក្នុងបន្ទប់ទឹក ស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យឈ្មោះ មុំ សៀវឡាយ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូអនឡាញ ទីលំនៅបច្ចុប្បន្នភូមិសល់ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូច
-ឧបករណ៍ប្រើប្រាស់ថ្នាំញៀន។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលបែកចាន បានទទួលព័ត៌មានពីពលរដ្ឋថា មានមុខសញ្ញា កំពុងប្រើប្រាស់ថ្នាំញៀន ទើបកម្លាំងប៉ុស្តិ៍បែកចាន បានចុះទៅដល់ទីតាំងខាងលើ ឃើញមុខសញ្ញាជាក់ស្ដែង ក៏ធ្វើការឃាត់ខ្លួនតែម្ដង។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា ខ្លួនបានប្រើប្រាស់ថ្នាំញៀន រយ:ពេល០៣ខែមកហើយ ហើយថ្នាំញៀន ដែលខ្លួនប្រើប្រាស់នេះ គឺទិញពីបុរសមិនស្គាល់ម្នាក់ នៅម្តុំបែកចាន។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់