ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សូលីកា កំពុងទទួលការចាប់អារម្មណ៍ ក្រោយបង្ហោះរូប Pre-Wedding ជាមួយស្វាមី និងកូនប្រុស នៅទឹកដីអង្គរ

(ភ្នំពេញ)៖ ក្រោយពីបានភ្ជាប់ពាក្យ និងមានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ នៅពេលនេះ តារាចម្រៀងស្រីជ្រកក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សូលីកា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមឡើងជាលំដាប់ ជាមួយនឹងសកម្មភាពបង្ហោះរូបភាពបង្អួតហ្វេនៗនៅលើបណ្តាញសង្គមយ៉ាងមានសុមង្គល ជាមួយនិងស្វាមីបណ្ដូលចិត្ត ដែលធ្វើឲ្យហ្វេនៗមួយចំនួនតែងប៉ងប្រាថ្នាចង់បានគូគាប់ទ្រនាប់ចិត្ត ចេះថ្នាក់ថ្នម និងផ្អែមល្អែមដូចគូស្នេហ៍តារាស្រីរូបនេះផងដែរ ។

ដោយឡែកថ្មីៗនេះ អ្នកនាង ពេជ្រ សូលីកា និងស្វាមី ក៏បានធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញតារាស្រីកូនមួយរូបនេះ បង្ហោះនូវរូបភាពមិនញញើតភ្នែកអ្នកលេងបណ្តាញសង្គម ជាពិសេស គឺសម្រស់ដ៏ស្រស់ស្អាតទាំងគ្រួសារ ក្នុងឈុត Pre-Wedding នៅលើទឹកដីសៀមរាមអង្គរ មើលទៅពិតជាសមសួនយ៉ាងខ្លាំង។

អ្នកទាំងពីរក៏បានបង្ហាញពីភាពផ្អែមល្អែមយ៉ាងមានក្តីសុខជាថ្មីម្តងទៀត តាមរយ:ការបង្ហោះរូបភាពគ្រងក្នុងសម្លៀកបំពាក់ ឈុតបុរាណយ៉ាងស្រស់ស្អាតសាកសមឥតខ្ចោះ ក្នុងនោះដែរអ្នកនាង ពេជ្រ សូលីកា ក៏បានបង្ហាញពីទឹកចិត្តនៃការស្រឡាញ់ជាតិខ្មែរ វប្បធម៌ខ្មែរ ដោយ ភ្ជាប់ក្នុងសំណេរយ៉ាងដូច្នេះថា «ទឹកដីសុវណ្ណភូមិ ទឹកដីអច្ឆរិយ: ទឹកដីអង្គរ គឺជាដួងព្រលឹងជាតិនៃទឹកដីរបស់ខ្ញុំ អ្នកពិតជាមានន័យខ្លាំងពេកហើយ សំរាប់ខ្ញុំ»៕

មតិយោបល់