សន្និសីទអន្តរជាតិសម្រាប់អាហ្វហ្កានីស្ថាន មានគោលដៅស្វែងរក ជំនួយ៦០៦លានដុល្លារ ដែលអង្គការសហប្រជាជាតិអះអាងថា តម្រូវការបន្ទាន់សម្រាប់ជួយប្រជាជនអាហ្វហ្កានីស្ថាន ១១លាននាក់ (ក្នុងចំណោមប្រជាជនសរុប ៣៨លាននាក់ ) ពីពេលនេះ រហូតដល់ចុងឆ្នាំ ២០២១។
ប្រជាជនអាហ្វហ្កានីស្ថានត្រូវការជំនួយចាំបាច់សម្រាប់ទ្រទ្រង់ជីវិត។ សម្រាប់ លោកអង់តូនីញ៉ូ ហ្គូទែរស៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ បន្ទាប់ពី រងគ្រោះ ដោយសារ សង្រ្គាមជាច្រើនទសវត្សរ៍ ហើយនិងអសន្តិសុខ ប្រជាជនអាហ្វហ្កានីស្ថានកំពុងជួបទុក្ខវេទនាជាងពេលណាៗទាំងអស់។
តាមអគ្គលេខាធិការអង្គការសហប្រជាជាតិ អាហ្វហ្កានីស្ថានជួបវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ តាំងពីមុនការវិលត្រលប់ចូលគ្រប់គ្រងរបស់ពួកតាលីបង់ទៅទៀត។ ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់អាហ្វហ្កានីស្ថាន បានមកពីជំនួយបរទេស។ ចំណែកពាក់កណ្តាលនៃប្រជាជនអាហ្វហ្កានីស្ថានរស់ពឹងអាស្រ័យ លើជំនួយអន្តរជាតិ។
អាចនិយាយបានថា កំពុងជួបគ្រោះអត់ឃ្លាន ដោយសារ គ្រោះរាំងស្ងួត និង វិបត្តិជំងឺកូវីដ ប្រជាជនអាហ្វហ្កានីស្ថាន ត្រូវជួបទុក្ខលំបាកមួយជាន់ទៀតដោយសារ ការដួលរលំសេដ្ឋកិច្ចរបស់ប្រទេស ព្រោះថា ជំនួយអន្តរជាតិ ត្រូវផ្អាកទាំងស្រុង នៅពេល ក្រុមតាលីបង់ ប្រយុទ្ធ ឈ្នះសង្រ្គាម ដណ្តើម គ្រប់គ្រងអាហ្វហ្កានីស្ថាន សាជាថ្មី កាលពី ១ខែមុននេះ។ តាម អង់តូនីញ៉ូ ហ្គូទែរស៍ អង្គការសហប្រជាជាតិ នឹងបញ្ចេញថវិកា ២០លានដុល្លារ ពីមូលនិធិឆ្លើយតបបន្ទាន់ សម្រាប់ជំនួយមនុស្សធម៌នៅអាហ្វហ្កានីស្ថាន។
ក្រុមប្រទេសផ្តល់ជំនួយ ជាពិសេសក្រុមប្រទេសលោកខាងលិច កំពុងប្រឈមនឹងការសម្រេចចិត្តដ៏លំបាកមួយ ព្រោះថា នៅពេលនេះ គេត្រូវធ្វើការជាមួយ ក្រុមតាលីបង់ ដែលធ្លាប់ប្រើអំណាចផ្តាច់ការ រំលោភសិទ្ធិមនុស្ស និងដែលអាមេរិកបានវាយបណ្តេញចេញពីអំណាច កាលពី២០ឆ្នាំមុន។
ទោះក្រុមតាលីបង់អះអាងថា គេនឹងប្រកាន់ជំហរថ្មី គោរពសិទ្ធិមនុស្ស ប៉ុន្តែ ការអនុវត្តជាក់ស្តែង បានធ្វើឲ្យគេស្រងាកចិត្ត។ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្លែងកាលពីថ្ងៃចន្ទថា លោកស្រី មានការខកចិត្ត ដែលឃើញសមាសភាពរដ្ឋាភិបាលថ្មីរបស់តាលីបង់ មានប្រភពចេញមក តែក្រុមតាលីបង់ និងបក្សពួក ប៉ុន្តែ គ្មាន ការចូលរួមពីខាងឥស្សរជននយោបាយអាហ្វហ្កានីស្ថាន។ លោកស្រីបានសំដែងក្តីបារម្ភផងដែរ ដែលឃើញ ក្រុមតាលីបង់ បិទសិទ្ធិមនុស្សស្រី និងប្រព្រឹត្តអំពើហិង្សាទៅលើអ្នកប្រឆាំង។
ទាក់ទងនឹងសមាសភាពរដ្ឋាភិបាលតាលីបង់ថ្មី អ៊ីរ៉ង់ ដែលធ្លាប់បានអំពាវនាវឲ្យសហគមន៍អន្តរជាតិទទួលស្គាល់អំណាចតាលីបង់នៅអាហ្វហ្កានីស្ថាន ពីដំបូងទី បានសំដែងជំហររារែករបស់ខ្លួនមកវិញ។ នៅថ្ងៃចន្ទ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា រដ្ឋាភិបាលដែលក្រុមតាលីបង់បានប្រកាសកាលពីសប្តាហ៍មុន មិនតំណាងឲ្យអាហ្វហ្កានីស្ថាននោះទេ។ រដ្ឋាភិបាល តាលីបង់មានសុទ្ធតែ មនុស្សប្រុស ដែលភាគច្រើនមកពីក្រុមជនជាតិ Pashtuns និងដឹកនាំដោយសមាជិកជាន់ខ្ពស់របស់ចលនាអ៊ីស្លាមតាលីបង់។ ដូច្នេះ គេនៅចាំមើល បន្តថា តើតាលីបង់ នឹងប្រកាន់ជំហរបែបណា ដើម្បីឆ្លើយតបនឹងការទាមទារចង់បានរបស់សហគមន៍អន្តរជាតិ៕
មតិយោបល់