កណ្តាលៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅផ្សារតាខ្មៅចាស់ និងតាមបណ្តាឱសថស្ថាន ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៥៨លីត្រ ។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី ៕
មតិយោបល់