ក្រុមជនស៊ីវិលមិនមែនអវកាសយានិក ដែលត្រូវបានក្រុមហ៊ុន SpaceX បញ្ជូនឡើងទៅកាន់ទីអវកាសនោះ នៅទីបំផុតបានចុះមកដល់ភពផែនដីវិញហើយ បន្ទាប់ពីបានស្នាក់នៅទីអវកាស ក្នុងរយៈកម្ពស់ជិត ៦០០គីឡូម៉ែត្រពីផ្ទៃផែនដី អស់រយៈពេល ៣ថ្ងៃដោយជោគជ័យជាប្រវត្តិសាស្ត្រ។
លោក Kip O’Keefe ប្រធានបេសកកម្ម Inspiration4 របស់ក្រុមហ៊ុន SpaceX បានថ្លែងថា «វាគឺជាដំណើរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់អ្នកទាំងអស់គ្នា។ យើងមិនអាចរកអ្វីមកប្រៀបធៀបភាពជោគជ័យ ឲ្យបានដូចបេសកកម្មលើកនេះនោះឡើយ»។
ដោយឡែកសម្រាប់លោក Kris Young នាយកគ្រប់គ្រងប្រតិបត្តិការ នៃបេសកកម្មជារួមរបស់ SpaceX វិញបានលើកឡើងថា «បេសកកម្ម Inspiration4 តំណាងឲ្យក្រុមហ៊ុន SpaceX សូមស្វាគមន៍ការត្រលប់មកកាន់ភពផែនដីវិញ។ បេសកកម្មរបស់លោកអ្នក បានបង្ហាញប្រាប់ពិភពលោកយើងនេះថា ទីអវកាសគឺសម្រាប់យើងទាំងអស់គ្នា ហើយមនុស្សគ្រប់គ្នាអាចមានឱកាស បង្កើតបេសកកម្មដ៏អស្ចារ្យបំផុត ដែលធ្វើឲ្យអ្នកគ្រប់គ្នានៅជុំវិញស្ញប់ស្ញែង…»។
គួរបញ្ជាក់ថា យាន Crew Dragon ត្រូវបានទម្លាក់ខ្លួនតាមឆ័ត្រយោង ចុះមកដល់ផ្ទៃមហាសមុទ្រអាត្លង់ទិក ស្ថិតនៅជិតឆ្នេរសមុទ្ររដ្ឋផ្ល័ររីដា (Florida) កាលពីថ្ងៃវេលាម៉ោង ៧៖០៦នាទីល្ងាចថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលត្រូវនឹងព្រឹកថ្ងៃអាទិត្យនេះ ពេលវេលានៅប្រទេសកម្ពុជា។
ក្រុមអវកាសឯកជនអាមេរិក SpaceX បានចេញបេសកកម្មទេសចរណ៍អវកាស លើកដំបូងបំផុត ដោយមានអ្នកធ្វើដំណើរសុទ្ធតែជនស៉ីវិលទាំងអស់។ បេសកកម្មនេះដែលមានឈ្មោះថា Inspiration4 បានប្រព្រឹត្តទៅ តាមរយៈការបាញ់បង្ហោះយានអវកាស Crew Dragon និងគ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX ចេញពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Kennedy Space Center ស្ថិតនៅរដ្ឋផ្លូរីដា នាយប់ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។
ជនស៉ីវិលទាំង ៤រូប នៃបេសកកម្ម Inspiration4 រួមមានលោក Jared Isaacman អាយុ ៣៨ឆ្នាំ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនទូរទាត់ប្រាក់ Shift4 Payments ប៉ុន្តែលោកក៏មានបទពិសោធន៍បើកយន្តហោះផងដែរ។ លោក Isaacman បានចេញថ្លៃកៅអីធ្វើដំណើរ សម្រាប់មនុស្ស ៣នាក់ទៀត រួមមានអ្នកនាង Hayley Arceneaux អាយុ ២៩ឆ្នាំ ជាគូពេទ្យ, លោក Chris Sembroski អាយុ ៤២ឆ្នាំ ជាអតីតយុទ្ធជន និងជាវិស្វករផ្នែកទិន្នន័យ, និងលោកស្រី Sian Proctor អាយុ ៥១ឆ្នាំ ជាសាស្រ្តាចារ្យផែនដីវិទ្យា ហើយក៏ចេះបើកយន្តហោះដែរ។
យាន Crew Dragon ត្រូវបានបាញ់ឡើងទៅដល់គន្លងអវកាសដោយជោគជ័យ ហើយវានឹងស្ថិតនៅក្នុងទីអវកាសកម្ពស់ជិត ៦០០គីឡូម៉ែត្រ សម្រាប់រយៈពេល ៣ថ្ងៃ ហើយក៏ត្រឡប់ចូលមកក្នុងស្រទាប់បរិយាកាសផែនដីវិញ តាមរយៈការទម្លាក់ខ្លួនចុះទៅលើផ្ទៃសមុទ្រក្បែររដ្ឋ Florida ដោយជោគជ័យ។ ក្រុមហ៊ុន SpaceX កំពុងតែប្រកួតប្រជែងក្នុងការនាំយកភ្ញៀវទេសចរ ទៅធ្វើដំណើរឡើងទីអវកាស ជាមួយក្រុមហ៊ុនមួយចំនួនទៀត ដូចជា Virgin Galactic និង Blue Origin ផងដែរ៕
ប្រភព៖ Cambo Space






មតិយោបល់