ព័ត៌មានជាតិ

ក្រសួងបរិស្ថានប្រកាសថា បានឃើញរកហ្វូងកូនសត្វក្រពើភ្នំដ៏កម្របំផុត នៅក្នុងតំបន់ទីជម្រកស្រែពក ខេត្តមណ្ឌលគិរី

ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា៖​ អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ(Crocodylus siamensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត សរុប​ចំនួន ៨ក្បាល ខណៈពេលដែលពួកគេបានចុះតាមដាន​ និងស្រាវជ្រាវសត្វនេះ នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពកក្នុងអំឡុងពេលនៃរដូវពងនិងញាស់កូនរបស់វា​។​​ សកម្មភាពតាមដាន សិក្សា​នេះ ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវអំពីសត្វក្រពើភ្នំនៃគម្រោង​កាំ​ប៉ាស(CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន និងគាំទ្រផ្នែកហិរញ្ញវត្ថុដោយ GEF-5/UNEP ហើយមានការរួមថវិការបន្ថែមពី អង្គការWWF ប៊ែលហ្ស៊ិក។

ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក​ ហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់ គំហើញនៃសត្វដ៏កម្រមួយប្រភេទនេះត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងនៃឆ្នាំដដែលនេះ។ ហ្វូងកូនសត្វក្រពើភ្នំទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយមន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។

លោក​ ប៊ុន​ សុធា សមាជិកម្នាក់នៃក្រុមអ្នកស្រាវជ្រាវបានរៀបរាប់ថា៖ «ក្នុងរដូវកូនក្រពើញាស់នេះ ក្រុមអ្នកស្រាវជ្រាវយើងបានធ្វើការតាមដានជាប្រចាំ ហើយសម្រាប់ការចុះតាមដានមួយជើងនេះ ពួកយើងបានចំណាយអស់រយៈពេល ៤យប់ ដើម្បីអង្កេតមើលស្ថានភាពរបស់សត្វក្រពើភ្នំ​នៅតាមទីតាំងផ្សេងៗរបស់វា គឺចាប់តាំងពីម៉ោង ៧:០០យប់ រហូតដល់រំលងអធ្រាត្រ ប្រហែលទល់ ម៉ោង២:០០ព្រឹក»។ លោកបានបន្តទាំងមានស្នាមញញឹមផងថា៖​ «ភាពរំភើបត្រេកអរជាខ្លាំងក៏បានមកដល់ ក្រោយពេលដែលសមាជិកក្រុមការងារយើងម្នាក់បានប្រទះឃើញចំណាំងពន្លឺភ្នែករបស់កូនសត្វក្រពើដែលទើបនឹងញាស់»។

គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ដោយរូបភាពដំបូងបង្អស់នៃការរស់រានបន្តពូជរបស់សត្វនេះ ក្រោយការខិតខំស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយនៃតំបន់ព្រៃទេសភាពភាគខាងកើត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននិងគាំទ្រដោយអង្គការWWF ។

 

ប្រភព៖​​​​​​ ក្រសួងបរិស្ថាន

មតិយោបល់