កម្ពុជាបានបញ្ជូនកងកម្លាំងទ័ពមួកខៀវ ចំនួន២កង គឺកងអនុសេនាធំ វិស្វកម្មព្រលានយន្តហោះ និងកងអនុសេនាធំកម្ទេចគ្រាប់ សរុបប្រមាណ៣០០នាក់ ក្នុងនោះនារី ២៦នាក់ ទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ នៅប្រទេសម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ ដែលត្រូវបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ ដែលនឹងធ្វើមាតុភូមិនិវត្តន៍វិញនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។
ក្នុងពិធីជូនដំណើរកម្លាំងមួកខៀវកម្ពុជា កាលពីរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានគូសបញ្ជាក់ថា កម្លាំងកងទ័ពមួកខៀវដែលបញ្ជូនទៅប្តូរវេននេះ គឺមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅពេលផ្លាស់ប្តូរកងកម្លាំងម្តងៗ ហើយជំហររបស់កម្ពុជា នៅបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅបំពេញបេសកកម្ម គឺមិនបោះបង់ចោលភារកិច្ច ក្នុងការចូលរួមថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួល ខុសត្រូវ ក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។
សូមជម្រាបជូនថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះ មាននារីជិត ៨០នាក់ បាន និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕
មតិយោបល់