ព័ត៌មានជាតិ

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ក្លាយជាផ្សារទំនើបខ្នាតយក្សដំបូងគេបង្អស់នៅកម្ពុជា នឹងបើកដំណើរការក្នុងឆ្នាំ ២០២២ខាងមុខនេះ

ក្រោយពីក្រុមហ៊ុន ជីប ម៉ុង រីថែល ប្រកាសជាផ្លូវការកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ពីការបើកឱកាសឱ្យដៃគូ​ពាណិជ្ជកម្ម ម្ចាស់ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ហាងលក់អាហារ និងភេសជ្ជៈ សម្ភារៈប្រើប្រាស់ ក៏ដូចជាសេវាកម្ម​កម្សាន្តទាំងក្នុងនិងក្រៅស្រុក ចូលមកជួលទីតាំងធ្វើអាជីវកម្មក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ពេល​​នេះទីតាំងដល់ទៅ៥០ភាគរយនៃផ្សារទំនើបដ៏ធំអស្ចារ្យមួយនេះមានម្ចាស់គ្រប់គ្រងហើយ។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលនឹងក្លាយជាផ្សារទំនើបខ្នាតយក្សដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានគេរំពឹង​ទុកថានឹងបើកដំណើរការក្នុងឆ្នាំ២០២២ខាងមុខនេះ ស្របពេលដែលអគារផ្សារទាំងមូលនៅតែបន្តការសាងសង់​យ៉ាងសស្រាក់សស្រាំជារៀងរាល់ថ្ងៃ។

នៅក្នុងពិធីប្រកាសស្វែងរកដៃគូពាណិជ្ជកម្មសម្រាប់ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល លោក Arnaud DUFRESNE អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានឱ្យដឹងថា៖ «ទីតាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល មានសក្តានុពលខ្លាំងណាស់សម្រាប់ការពង្រីកអាជីវកម្មបែបទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពល​រដ្ឋក្នុងរាជធានីភ្នំពេញប្រមាណជិត៣លាននាក់ ក៏ដូចជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីតាំងមួយនេះផងដែរ ខណៈដែលជីវភាពរបស់ពួកគេក៏កាន់តែប្រសើរឡើងជាលំដាប់»។

លោកក៏មានការរំពឹងទុកយ៉ាងខ្ពស់ថា ផ្សារទំនើបមួយនេះនឹងនាំមកនូវចំនួនអតិថិជនដ៏ច្រើនលើសលុប ទីមួយគឺដោយសារទីតាំងដ៏ល្អឥតខ្ចោះ ស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ចំកណ្ដាលទីប្រជុំជន និងស្ថិតនៅក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ បូករួមជាមួយយុទ្ធសាស្រ្តទីផ្សារដ៏ឆ្លាតវៃ ការជ្រើសរើសនិងរៀបចំទីតាំងជាមួយដៃគូពាណិជ្ជកម្មដ៏ត្រឹមត្រូវ និងកិច្ចសហការគ្នាដ៏រឹងមាំរវាងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយនឹង ជីប ម៉ុង លែន ក៏ដូចជាពាណិជ្ជកម្មដទៃទៀតជាង១០របស់ក្រុមហ៊ុន ជីប ម៉ុង។

ជាមួយនឹងក្ដីជឿជាក់នេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល នៅតែបន្តទទួលស្វាគមន៍ដៃគូពាណិជ្ជកម្មថ្មីៗបន្ថែមទៀតមកពី​គ្រប់ទិសទីទាំងអស់ជុំវិញពិភពលោកដើម្បីមកវិនិយោគ និងជួលទីតាំងលក់ផលិតផល ឬសេវាកម្មនៅក្នុងផ្សារទំនើប​ខ្នាតយក្ស​ដំបូងគេបង្អស់នៅកម្ពុជាមួយនេះ។

 

មតិយោបល់