ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ដកហូតវត្ថុតាងមួយចំនួនធំ

បាត់ដំបងៈ កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផុន យ៉ាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយពីឃាត់ខ្លួនកម្លាំងដកហូតបានវត្ថុតាងរួមមាន៖ ១.ថ្នាំញៀនយ៉ាម៉ា(WY) ចំនួន១៣០គ្រាប់ (ពណ៌ស្លាទុំ១២៩គ្រាប់ ពណ៌ខៀវ០១គ្រាប់) ២.ម៉ាទឹកកកចំនួន០២កញ្ចប់ទម្ងន់១០,៦៩ក្រាម ៣.កាំភ្លើងខ្លីបាញ់ហ្គាស០១ដើម ពណ៌ស ប្រភេទរឡូមានគ្រាប់ចំនួន០៦គ្រាប់ ក្នុងនោះបាញ់រួច០១គ្រាប់ ៤.គ្រាប់កាំភ្លើងខ្លីម៉ាកK54 ១ដើម ចំនួន០២គ្រាប់ ៥.ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1C-1499។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់