ព័ត៌មានជាតិ

​ក្រសួង​ការពារជាតិ​អាមេរិក​​បដិសេធ​មិន​បញ្ជាក់​ពីកងកម្លាំង​ ​ដែល​បង្ហាត់​កងទ័ព​តៃវ៉ាន់​ដោយ​សម្ងាត់

មន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​កំពុង​បដិសេធ​មិន​បញ្ជាក់​អំពី​របាយ​ការណ៍​ដែល​ថា​ កងកម្លាំង​អាមេរិក​នៅ​កោះ​តៃវ៉ាន់ ​បង្ហាត់​កងទ័ព​តៃវ៉ាន់​ដោយ​សម្ងាត់​ ដើម្បី​ត្រៀមខ្លួន​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​ប្រទេស​ចិន។ ​

កាសែត​ The Wall Street Journal​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយ​ការណ៍​ថា ​ក្រសួង​ការពារជាតិ​ស.រ.អា.​មាន​កងទ័ព​ប្រតិបត្តិការ​ពិសេស​ប្រមាណ​ជាង​២០​នាក់​ដែល​កំពុង​ធ្វើការ​ជាមួយ​អង្គភាព​មួយ​ចំនួន​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​តៃវ៉ាន់​ ​ខណៈ​កងម៉ារីន​អាមេរិកាំង​មួយ​ក្រុម​កំពុង​បណ្តុះ​បណ្តាល​កង​កម្លាំង​ផ្សេងទៀត​អំពី​យុទ្ធសាស្ត្រ​លើ​សមុទ្រ។

មន្រ្តី​សហ​រដ្ឋ​អាមេរិក​ដែល​ប្រាប់​កាសែត​ The Wall Street Journal ​ ដោយ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ​ កងកម្លាំង​អាមេរិក​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​ហ្វឹកហ្វឺន​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំចុង​ក្រោយ​នេះ។ ​ មន្រ្តី​ក្រសួង​ការពារជាតិ​ស.រ.អា. នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បដិសេធ​មិន​បញ្ជាក់​អំពី​របាយ​ការណ៍​នេះទេ​ ទោះបីជា​យ៉ាងណា ​អ្នក​នាំពាក្យ​ម្នាក់​បាន​និយាយ​ថា​ ទំនាក់​ទំនង​អាមេរិក-តៃវ៉ាន់​ «នៅតែ​ប្រឆាំង​ការ​គំរាម​កំហែង​នា​ពេល​បច្ចុប្បន្ន បង្ក​ឡើង​ដោយ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន»។​

លោក​ John Supple​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ប្រាប់​វីអូអេ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​បំភិត​បំភ័យ​និង​ដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់​ និង​សម្ព័ន្ធ​មិត្ត​ និង​ដៃគូ​ដទៃ​ទៀត​ រួមទាំង​បង្កើន​សកម្មភាព​យោធានៅតំបន់​ជុំវិញ​កោះ​តៃវ៉ាន់​ នៅសមុទ្រ​ចិន​ខាង​កើត​ និង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​យើង​ជឿជាក់​ថា​ នាំឱ្យ​មាន​អស្ថិរភាព​និង​បង្កើន​ហានិភ័យ​នៃ​ការ​វាយ​តម្លៃ​ខុស»។​

លោក​បាន​បន្ថែម​ថា​ «សហ​រដ្ឋ​អាមេរិក​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​សន្តិភាព​ សន្តិសុខ​និង​ស្ថិរភាព​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ រួមទាំង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។​ យើង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គោរពការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ការ​ខ្វែង​គំនិត​គ្នា​តាម​ច្រក​សមុទ្រ​ ដូចមានចែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ទាំង​បី»។​

នៅពេលត្រូវ​បានសួរ​អំពី​របាយ​ការណ៍​របស់​ The Wall Street Journal​អ្នកតំណាង​ការិយាល័យធំ​របស់​តៃវ៉ាន់​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ប្រាប់​វីអូអេ​ថា ​ខ្លួន​មិន​មាន​យោបល់​អ្វី​ទេ។​

សមាជិក​សភា​អាមេរិ​កជាច្រើន​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា​ ពួកគេក៏​មិនអាច​បញ្ជាក់​ថា​ តើ​កង​កម្លាំង​ពិសេស​អាមេរិក​កំពុង​ធ្វើ​ការ​បណ្តុះ​បណ្តាល​នៅ​កោះ​តៃវ៉ាន់​ដែរ ​ឬ​យ៉ាងណា​ទេ​ ​យ៉ាងណា​ពួកគេ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​បេសក​កម្ម​ដែល​ត្រូវ​បាន​រាយ​ការណ៍នេះ។​

មន្រ្តី​អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ឡើងៗ​នាពេល​ថ្មីៗ​នេះ​ ដោយ​និយាយ​ថា​ ​អាកប្បកិរិយា​របស់​ចិន​ចំពោះ​កោះ​តៃវ៉ាន់​កាន់តែ​គឃ្លើន​និង​ប្រទូសរាយ។​ ការ​ព្រួយ​បារម្ភ​នេះ​កើន​ឡើង​ ដោយសារក្រុងប៉េកាំង​លុកលុយម្តង​ហើយ​ម្តងទៀត​ ដោយ​បាន​បញ្ជូន​យន្តហោះ​យោធា​ជាង​ ១៥០​ គ្រឿង​ចូល​ទៅក្នុង​ដែន​អាកាស​តៃវ៉ាន់​ក្នុង​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​នេះ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​សម្តែង​ការ​ខឹង​សម្បា​យ៉ាងឆាប់​រហ័ស​ចំពោះ​របាយ​ការណ៍​ដែល​ថា​ កង​កម្លាំង​ពិសេស​អាមេរិក​កំពុង​បំពេញ​បេសក​កម្ម​បណ្តុះ​បណ្តាល​សម្ងាត់​នៅ​តៃវ៉ាន់។​ លោក​ Hu Xijin ​និពន្ធ​នាយក​សារ​ព័ត៌មាន​ Global Times​ របស់​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​សរសេរ​នៅ​លើ ​Twitter​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា​«ហេតុអ្វី​មាន​តែ​ដប់ម្ភៃ​នាក់?​ ហេតុ​អ្វី​បាន​ជា​សម្ងាត់?»។​

ប៉ុន្តែ​ហាក់ដូច​ជា​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ខ្លះ​ដើម្បី​បំបាត់​ភាព​តានតឹង​ខ្លះ។​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ Ned Price ​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឱ្យ​មាន​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ​លោក​និយាយ​ថា​ គោល​បំណង​គឺ​«កាត់​បន្ថយ​ចំណុច​កកិត»។ ​

ទោះយ៉ាងណា​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក ​Price​ បាន​និយាយ​ថា​ តៃវ៉ាន់​មាន​តួនាទី​សំខាន់​នៅក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ហើយ​លោក​បាន​អញ្ជើញ​សម្ព័ន្ធមិត្ត​អាមេរិក​ចូល​រួម​«ពង្រីក​ទំនាក់​ទំនង​រឹងមាំ​ជាមួយ​តៃវ៉ាន់»៕

មតិយោបល់