ព័ត៌មានជាតិ

សហរដ្ឋអាមេរិកថា នឹងវិនិច្ឆយក្រុមតាលីបង់ តាមរយៈសកម្មភាព ក្រោយជួបគ្នាលើកដំបូងនៅកាតា

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បាននិយាយថាជំនួបទល់មុខរវាងក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងតាលីបង់បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈ តែក្រុមតាលីបង់នឹងត្រូវបានវិនិច្ឆយដោយសកម្មភាពរបស់ពួកគេ មិនមែនត្រឹមតែពាក្យសម្ដីនោះទេ។ នេះបើតាមក្រសួងការបរទេសអាមេរិក។

ក្រសួងការបរទេសអាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ទៀតថានៅក្នុងកិច្ចប្រជុំនៅឯទីក្រុងដូហា ប្រទេសកាតា ក្រុមប្រតិភូអាមេរិកបានផ្ដោតជាសំខាន់លើសន្តិសុខ, ការព្រួយបារម្ភពីសកម្មភាពភេរវកម្ម, ការធានាសុវត្ថិភាពឱ្យពលរដ្ឋអាមេរិក, ជនបរទេស និងជនជាតិអាហ្វហ្កានីស្ថានអាចចាកចេញពីប្រទេសនេះដោយសុវត្ថិភាព ព្រមទាំងបញ្ហាសិទ្ធិមនុស្សក្នុងនោះរួមមានទាំងការគោរពសិទ្ធិស្ត្រី និងកុមារីផងដែរ។

តែយ៉ាងណាក៏ដោយ អាមេរិកអះអាងថាកិច្ចប្រជុំនេះមិនមានន័យថាទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ការដឹកនាំរបស់តាលីបង់នៅអាហ្វហ្កានីស្ថាននោះទេ ហើយថានឹងវិនិច្ឆយ ក្រុមតាលីបង់ដោយផ្អែកលើសកម្មភាពជាក់ស្ដែង មិនមែនត្រឹមពាក្យសម្ដីនោះទេ៕

ប្រភព៖​​​​​​ AFP

មតិយោបល់