ព័ត៌មានជាតិ

នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីចាប់ជំរឹតទារប្រាក់ រវាងជនជាតិចិន និងជនជាតិចិនដូចគ្នា

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទីយប់ រំលងអធ្រាត្រ មានជនជាតិចិនម្នាក់ឈ្មោះ ZHANG KUN DUAN ភេទប្រុស បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចថា មានជនជាតិចិន១នាក់ ភេទប្រុស កំពុងជួញ ដូរគ្រឿងញៀន នៅលើភ្នំមួយកន្លែងស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីបានទទួលបណ្ដឹងរួចសមត្ថកិច្ចយើងបានចុះទៅដល់ទីតាំងខាង លើ ពេលទៅដល់សមត្ថកិច្ច បានឃើញជនជាតិចិន១នាក់ ភេទប្រុស ជាប់ចំណងដោយដៃទាំងសង្ខាងត្រូវគេរុំស្កុត ដោយ មានស្នាមរបួស ហើយមានម្សៅសមួយថង់ (សង្ស័យជាសារធាតុ ញៀន) នៅក្នុងកាបូបរបស់ជនជាតិចិននោះ បន្ទាប់មកសមត្ថកិច្ចយើងបាននាំជនជាតិចិននោះ មកស្នងការដ្ឋាននគរបាលខេត្តព្រះ សីហនុដើម្បីសួរនាំ ។
ក្រោយពីសួរនាំរួចទើបដឹងថា ករណីនេះ គឺជាល្បិចរបស់ជនសង្ស័យ ដែលបានចាប់ជនរងគ្រោះជំរិតទារប្រាក់ រួចប្រើល្បិច ដាក់គ្រឿងញៀនចូលក្នុងកាបូបរបស់ជនរងគ្រោះ ដើម្បីទម្លាក់កំហុសមកលើជនរងគ្រោះ ប៉ុន្តែសមត្ថកិច្ច បានត្រួតពិនិត្យ ម្សៅសនោះ បញ្ជាក់ថា មិនមែនជាសារធាតុញៀនទេ ។ បន្ទាប់មក សមត្ថកិច្ច បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ១នាក់ ភេទប្រុស ជនជាតិចិន ។
ជនរងគ្រោះឈ្មោះ HU DAO LONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មានស្រុកកំណើត ខេត្តអ៊ូហាន ប្រទេសចិន មុខរបរ ម៉ៅការសំណង់ ស្នាក់នៅរាជធានីភ្នំពេញ មានស្នាមរងរបួស ដៃ, ជើងនិងក(របួសមធ្យម ) ។
ជនសង្ស័យឈ្មោះ ZHANG KUN DUAN ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែន ជាប់នឹង ខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន ៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone 7 ពណ៌ខ្មៅ ១គ្រឿង , ទូរស័ព្ទដៃ១គ្រឿង ម៉ាក SAMSUNG ពណ៌មាស (របស់ជនរងគ្រោះ), កាបូបស្ពាយ១(របស់ជនរងគ្រោះ), ម្សៅស១ថង់ , ប្រាក់១៦០$ (មួយរយហុកសិបដុល្លារអាមេរិក) ។
ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតីវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

 

មតិយោបល់