ព័ត៌មានជាតិ

រថយន្តតាកូម៉ា បំពានស្តុបក្នុងល្បឿនលឿន ទៅបុករថយន្តហាយឡែនឌ័រ បណ្តាលឲ្យនារីម្នាក់ រងរបួសធ្ងន់

ភ្នំពេញ ÷ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តតាកូម៉ាមួយគ្រឿង បំពានស្តុបក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រ កំពុងតែបើកឆ្លងផ្លូវចំពីចំហៀងមុខខាងឆ្វេងពេញទំហឹង ប៉ើងទៅមុខបណ្តាលឲ្យនារីម្នាក់ ជិះក្នុងរថយន្តបង្ករងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ កែងនិងផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2AW-6960 បើកបរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុស្តុបផ្លូវបំបែកជាបួនស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងទៀត ម៉ាកតាកូម៉ាពណ៌ស្ករពាក់ផ្លាកលេខ ភ្នំពេញ 2A0–3581 បើកបរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន បើកទាំងបំពានស្តុបក៏ជាន់ហ្រ្វាំង មិនជាប់ជ្រុលទៅបុករថយន្តហាយឡែនឌ័រ កំពុងបើកឆ្លងស្តុប ចំពីចំហៀងមុខខាងឆ្វេងយ៉ាងពេញទំហឹង ប៉ើងទៅមុខរងការខូចខាតទាំងសងខាង និងបណ្តាលឲ្យនារីម្នាក់រួមដំណើរជាមួយរថយន្តបង្ក បានរងរបួសធ្ងន់បញ្ជូនយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា តែមិនត្រូវក៏ទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ឱ្យចុះមកពិនិត្យនិងវាស់វែងយករថយន្តទាំង ២ គ្រឿងទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយនៅពេលក្រោយ៕

 

 

មតិយោបល់