សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច នៅបរិវេណសួនច្បារព្រះរាជដំណាក់ ស្ថិតនៅភូមិ មណ្ឌល០២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ ឈឿង វីរៈ ហៅ រាក់ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ភោជនីយដ្ឋានតាលាភអូឫស្សី រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជនរងគ្រោះ ឈ្មោះ អួន បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។
សម្ភារៈបាត់បង់៖
-ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AF-4923 លេខតួនិងលេខម៉ាស៊ីន ៥៤៩៦៤៦៩
-ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកvivo ពណ៌ខៀវ និងម៉ាក់ oppo ពណ៌ខៀវ។
ដំណើររឿង៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២០ និង ១០នាទី ជនសង្ស័យបានសុំបន្ទប់របស់ជនរងគ្រោះស្នាក់នៅចំនួន១យប់ ខណៈដល់វេលាម៉ោង ១១ និង ៣០នាទី ជនសង្ស័យបានងើបពីដេកហើយធ្វើសកម្មភាពយកកូនសោទៅលួចម៉ូតូរបស់ជនរងគ្រោះ បន្ទាប់មកគេចខ្លួនបាត់។ លុះដល់វេលាម៉ោង ១០ និង ២០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ជនរងគ្រោះប្រទះឃើញជនសង្ស័យកំពុងអង្គុយលេងជាមួយមិត្តភក្ដិ ក៏រាយការណ៍ការឲ្យសមត្ថកិច្ចដើម្បីអន្តរាគមន៍។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជា ធ្វើសកម្មភាពលួចយកម៉ូតូនិងទូរស័ព្ទរបស់ជនរងគ្រោះប្រាកដមែន ហើយបានប្រគល់ឲ្យបក្ខពួក២នាក់ទៀតយកទៅលក់។ បន្ទាប់មកសមត្ថកិច្ច បញ្ជូនជនសង្ស័យទៅការិយាល័យជំនាញ និងកសាងសំណុំរឿងធ្វើការស្រាវជ្រាវរកបក្ខពួក ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់