កំពង់ចាម ៖ បន្ទាប់ពីទទួលការជូនដំណឹងនឹងស្នើសុំការសហការណ៍ពីកម្លាំងមន្ទីប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង ទទួលផែនការិយាល័យប្រឆាំងការសំអាតប្រាក់ «ក»៥ នៃមន្ទីប្រឆាំងគ្រឿងញៀន និងទទួលបានការឯកភាពពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត ជាមួយកម្លាំងអន្តរាគមន៍ តម្រួតបទបញ្ជា និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ចូលរួមសហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន«ក»៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង ទទួលផែនការិយាល័យប្រឆាំងការសំអាតប្រាក់ «ក»៥ នៃមន្ទីប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ។
ជនសង្ស័យទាំង៣នាក់ រួមមាន ៖ ទី១-ឈ្មោះ ស៊ាត សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ បោកអ៊ុត ទីលំនៅបច្ចុប្បន្នភូមិយាងថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តប៉ៃលិន ។ ទី២-ឈ្មោះ ប៊ុត សំអុល ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិរោងចក្រ សង្កាត់បរយ៉ាខា ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន និងទី៣-ឈ្មោះ សឿង សុខលី ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ កាត់សក់ មានទីលំនៅបច្ចុប្បន្នភូមិអូរច្រាំង សង្កាត់ប៉ៃលិន ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន០២កញ្ចប់ធំ មានទម្ងន់ ២,០៦៩.២៧ក្រាម(ទាំងសំបក), រថយន្តម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 2A-2069 ចំនួន ០១គ្រឿង និងទូរស័ព្ទដៃ០៣គ្រឿង ។
ជនសង្ស័យខាងលើបានយកសំណាកធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ ជាលទ្ធផល (អវិជ្ជមាន) ។
បន្ទាប់ពីបញ្ចប់កិច្ចប្រតិបត្តិការ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានប្រគល់ករណីខាងលើនេះអោយមកកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់