ព័ត៌មានជាតិ

ស្រ្តីមេម៉ាយក្រីក្រម្នាក់ ខ្ចីលុយគេទិញម៉ូតូឲ្យកូនស្រី២នាក់ជិះដើរលក់ម្ជូរ ត្រូវរថយន្តបុកស្លាប់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៩និង០០ នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្រ្តីមេម៉ាយមានជីវភាពក្រីក្រម្នាក់ បានខ្ចីលុយគេទិញម៉ូតូម៉ាកធូដេមួយគ្រឿង ដើម្បីឲ្យកូនស្រីទាំង០២នាក់បងប្អូនបង្កើតនឹងគ្នា បានជិះធ្វើ ដំណើរដើរលក់គ្រឿងម្ជូរ នៅតាមហាង ត្រូវរថយន្តមិនស្គាល់ម៉ាក មួយគ្រឿង បើកបុកនៅលើស្ពានព្រែកសំរោង បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាមរយៈក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅជួបក្រុមគ្រួសារ នៃសពជនរងគ្រោះ ដែលបានយកទៅតម្កល់ទុកធ្វើបុណ្យនៅវត្តពោធិ៍ព្រះបាទ ហៅវត្តច្បារអំពៅ ។ ករណីនេះម្តាយជនរងគ្រោះបាន និយាយរៀបរាប់ប្រាប់ទាំងទឹកភ្នែកស្រក់ហូរ និងអារម្មណ៍យ៉ាងក្តុកត្តួល ដើម្បីផ្តល់បទសម្ភាសន៍ប្រាប់ភ្នាក់ងារយើងខ្ញុំឲ្យដឹងដូច្នេះថា នាងជាស្រ្តីមេម៉ាយមានកូនស្រីចំនួន០២នាក់នៅក្នុងបន្ទុក សព្វថ្ងៃនាងមានជីវភាពក្រីក្រលំបាកខ្លាំងណាស់ ។ រាល់ថ្ងៃនេះទាំងម្តាយ និងកូនស្រីប្រកបមុខរបរលក់ម្ជូរបន្តិចបន្តួចនៅតាមហាង ។ ពេលខ្លះក៏លក់ដាច់គ្រាន់បានលុយខ្លះយកមកចាយវាយទិញបាយហូប ។

ប្រភពខាងលើបានបន្តទៀតថា នាងរស់នៅក្នុងភាពជាស្រ្តីមេម៉ាយនេះយូរឆ្នាំមកហើយ ដោយទទួលបន្ទុកចិញ្ចឹមកូនស្រីចំនួន០២នាក់ ថែមទៀតពិតជាលំបាកខ្លាំងណាស់ សម្រាប់គាត់ដែលជាស្រ្តីទន់ខ្សោយ ។ កូនស្រីទាំង០២នាក់ ព្រមទាំងរូបគាត់សព្វថ្ងៃ ប្រកបមុខរប រ គឺដើរលក់ម្កាក់ ស្វាយ និងផ្លែពុទ្រ្ទាជាដើម ហើយបានជិះកង់ដើរលក់នៅតាមហាងផ្សេងៗ ។ ដោយឃើញកូនជិះកង់ដើរលក់មានការ លំបាកម្តាយបានសម្រេចចិត្តទាំងខ្លួនដែលមិនមានប្រាក់ សម្រាប់ទិញម៉ូតូឲ្យកូនជិះ បានខ្ចីលុយគេចំនួន៣៥០ ដុល្លារទិញម៉ូតូម៉ាកធូដេ មួយគ្រឿង សម្រាប់ឲ្យកូនទាំង០២នាក់ ដើម្បីជិះដើរលក់ ។

ប្រភពដដែលបានបន្តទៀតថា នាងមានឈ្មោះ ប៊ូ អុក អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្តាល នាងគឺជាស្រ្តី មេម៉ាយ ដែលមានកូនចំនួន០២នាក់ ហើយគាត់បានលែងលះគ្នាជាមួយប្តីរបស់គាត់អស់រយៈពេល១០ឆ្នាំមកហើយ ។សព្វថ្ងៃគាត់រស់ នៅក្នុងភាពជាស្រ្តីមេម៉ាយម្នាក់ និងទទួលបន្ទុកចិញ្ចឹមកូនស្រី០២នាក់ រស់នៅក្នុងផ្ទះជួល សម្រាប់គាត់ពេលនេះ ពិតជាលំបាកខ្លាំង ណាស់ក្នុងការរកប្រាក់ចំណូល ដើម្បីចាយវាយទិញម្ហូបអាហារ និងឲ្យថ្លៃផ្ទះជួល ។

នៅក្នុងស្ថានភាពដ៏លំបាកលំបិននេះ ស្រ្តីមេម៉ាយខាងលើ បានជួបគ្រោះដ៏អាក្រក់មួយបន្ថែមទៀត ដែលនឹកស្មានមិនដល់ទាល់តែសោះ សម្រាប់ក្រុមគ្រួសាររបស់គាត់ ។ ខណៈពេលដែលគាត់កំពុងនៅធ្វើការមួយកន្លែង នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២១ គាត់បានទទួលដំណឹងតាមទូរស័ព្ទដ៏តក់ស្លុតរន្ធត់ស្ទើរសន្លប់បាត់ស្មារតី ។ កូនស្រីរបស់គាត់ទាំង០២នាក់ បានជិះ ម៉ូតូមួយគ្រឿងធ្វើដំណើរពីព្រែកប្រាទៅលក់ម្ជូរនៅតាខ្មៅ ។ នៅពេលធ្វើដំណើរមកដល់លើស្ពានព្រែកសំរោង ស្រាប់តែរថយន្តមិន ស្គាល់ម៉ាកមួយគ្រឿងបើកបុកម៉ូតូក្មេងស្រីទាំង០២នាក់បងប្អូនពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ។ កូនដែលស្លាប់មានឈ្មោះ អុយ ស្រីនា ភេទស្រី អាយុ១០ឆ្នាំ និងកូនស្រីបងមានអាយុ១៤ឆ្នាំ បានរងរបួសធ្ងន់ ។ កូនស្រីដែលស្លាប់ ត្រូវបានដឹកយកមកតម្កល់ធ្វើបុណ្យនៅវត្តពោធិ៍ព្រះបាទ ហៅវត្តច្បារអំពៅ ដោយឡានដឹកសពយកតម្លៃចំនួន៦០ម៉ឺនរៀល ។

បច្ចុប្បន្ននេះ ស្រ្តីមេម៉ាយខាងលើ គាត់បានជួបប្រទះនូវជីវភាពខ្វះខាតខ្លាំងជាងមុនទៅទៀត ដោយសារបានបាត់បង់ នូវសមាជិកម្នាក់ ដែលជាអ្នកជួយរកចំណូលដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ ។ មិនត្រឹមតែប៉ុណ្ណោះទេ គាត់គ្មានលុយសម្រាប់ព្យាបាលកូនស្រីរបស់គាត់ម្នាក់ ទៀតដែលបានរងរបួសធ្ងន់ ហើយគាត់ក៏នៅជាប់ជំពាក់លុយគេ ដែលគាត់បានខ្ចីទិញម៉ូតូមួយគ្រឿងម៉ាកធូដេ ដើម្បីឲ្យកូនជិះក្នុងការ ធ្វើដំណើរដើរលក់ម្ជូរ ។

ដូច្នេះបើបងប្អូនសប្បុរសជននានា ដែលមានទឹកចិត្តអាណិតអាសូរ ដល់ក្រុមគ្រួសារបងស្រីមេម៉ាយម្នាក់នេះ ដែលគាត់កំពុងជួបប្រទះ នូវបញ្ហាការលំបាកនេះ បើបងប្អូនមានសទ្ធាជ្រះថ្លា ដើម្បីបរិច្ចាគថវិកាផ្ទាល់ខ្លួនបន្តិចបន្តួច ដើម្បីជួយសម្រាលទុក្ខលំបាកគាត់ក្នុងគ្រា មានអាសន្នលំបាកនេះ សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទាំងនេះ៖ 069 427 211 /097 8812237 ។

សូមបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមិនស្គាល់ម៉ាកបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ អាយុ១១ឆ្នាំ និងរងរបួសធ្ងន់ម្នាក់ ត្រូវជាបងប្អូនបង្កើត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទីតាំងស្ថិតនៅលើស្ពានព្រែកសំរោង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕

មតិយោបល់