បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្ស០២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងប៉ះទង្គិចគ្នា ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជនត្រង់ចំណុចបង្គោលភ្លើងលេខ០៤៧៤ ខាងលិចស្ពានត្បែងប្រហែល៤០០ម៉ែត្រ ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ គង់ ឆាយទាំង ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិ៤សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ (អ្នកបើកបររថយន្ត)និងអ្នករួមដំណើរ ឈ្មោះ គង់ ព្រូ ភេទប្រុសអាយុ៣៧ឆ្នាំនៅ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកអធិការ បានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ រថយន្តម៉ាក HIGH LANDER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2S-7653 បើកបរដោយឈ្មោះ គង់ ឆាយទាំង ធ្វើដំណើរក្នុងទិសដៅពីកើតទៅ លិច ក្នុងល្បឿនលឿន ។ ពេលមកដល់ចំណុចកើតហេតុខាងលើ បានបែកកង់ក្រោយខាងស្ដាំហើយបានរេចង្កូតចុះឡើងមកទទឹងកណ្ដាលទ្រូងផ្លូវ នៃគន្លងផ្លូវខាងស្ដាំ ស្របពេលនោះ រថយន្តម៉ាក HINO ពណ៌ខៀវ ក្បាលរថយន្តពាក់ស្លាកលេខ ព្រះសីហនុ 3A-2451 និងសឺម៉ីរឺម៉កពាក់ស្លាកលេខ ព្រះសីហនុ 4A-3150 បើកមកពីទិសខាងលិចទៅខាងកើត ជ្រុលបុករថយន្ត HIGH LANDER ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរកៀបជាប់ក្នុងរថយន្តស្លាប់នៅនឹងកន្លែងកើតហេតុទាំង០២នាក់ ។ ចំណែកអ្នកបើកបររថយន្ត HINO បានរត់គេចខ្លួនពី កន្លែងកើតហេតុ ។
ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ ចុះធ្វើការវាស់វែង និងនាំយកសាកសពទៅតម្កល់ទុកនៅវត្តរហាល រង់ចាំសាច់ញាតិមកពីទីក្រុងភ្នំពេញ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ មធ្យោបាយទាំង២គ្រឿងអូសយកមករក្សាទុក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ៕
មតិយោបល់