ព័ត៌មានជាតិ

រថយន្ដដឹកដីបុកស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូ ហើយអូសចម្ងាយជិត ៨០ម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗ

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្ដយីឌុបកង់ដប់ដឹកដីបានបុកស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូគុបហើយអូសចម្ងាយជិត៨០ម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ករណីនេះបានកើតឡើងនៅលើផ្លូវ៣៨០ ស្ថិតភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រថយន្តបង្កបើកបរដោយឈ្មោះ កែវ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្ថាពរ ឃុំប៉ាលហា ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ(ឃាត់ខ្លួន) និងជនរងគ្រោះឈ្មោះ ស្រេង ឡន ភេទស្រី អាយុ ៦១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។

សាក្សីដែលបានឃើញហេតុការណ៍បានបញ្ជាក់ថាបានឃើញឈ្មោះស្រេងឡនបើកបរម៉ូតូឆ្លងផ្លូវពីទិសខាងកើត មកទិសខាងលិចដល់ចំណុចផ្លូវខាងលិចក៏ត្រូវរថយន្តបុកអូសកិនចម្ងាយ៧៩ម៉ែត្របណ្តាលឱ្យជនរងគ្រោះមួយកំណាត់លើត្រូវរថយន្តកិនខ្ទេចហ្មត់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ កែវ សំណាង ត្រូវកម្លាំងប៉ុស្តិ៍នគរបាលព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចាប់ខ្លួនយកទៅប៉ុស្តិ៍។

ក្រោយកើតហេតុ លោកអនុសេនីយ៍ឯក ធឺន សុក្រឹត្យ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល បានស្នើសុំ លោកម៉ែនសុខឃឿនអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលនិងជំនាញចុះកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលដើម្បីចាត់ការតាមនីតិវិធី។ចំពោះមូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ ដោយសារអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់