ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឱ្យម្ចាស់យានយន្តគ្រប់ប្រភេទ បង់ពន្ធប្រចាំឆ្នាំ ឱ្យទាន់ពេលវេលាជៀសវាងការផាកពិន័យ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានប្រកាសជាសាធារណៈឱ្យម្ចាស់យានយន្តគ្រប់ប្រភេទ រួសរាន់បង់ពន្ធប្រចាំឆ្នាំ២០២១ លើមធ្យោបាយយានយន្តរបស់ខ្លួន ឱ្យទាន់ពេលវេលាជៀសវាងការផាកពិន័យ ឬទោសទណ្ឌ ខណៈការបង់ពន្ធនេះ នឹងផុតកំណត់នៅថ្ងៃទី៣០វិច្ឆិកា ខាងមុខនេះហើយ។បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារថ្មីៗនេះ បានជូនដំណឹងឱ្យម្ចាស់​យានយន្ត​រួសរាន់ទៅបង់ពន្ធឱ្យទាន់ពេលវេលា។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារស្តីពីកិច្ចប្រជុំ បូក​សរុបលទ្ធផល​ប្រមូល​ចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែឆ្នាំ២០២១ ព្រមទាំងទិសដៅ សម្រាប់​អនុវត្ត​បន្ត​របស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំពោះលទ្ធផលនៃការគ្រប់គ្រង​ប្រមូល​ចំណូលពន្ធ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គង់ វិបុល បានបង្ហាញថា ក្នុងខែតុលាឆ្នាំ ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ​ដែលអគ្គនាយកដ្ឋាន- ពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូលអនឡាញ​ របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ​៨៤២,៦២ ប៊ីលានរៀល (ប្រមាណជា ២០៨,០៥ លានដុល្លារអាមេរិក) ស្មើនឹង ៩,២៨% នៃផែនការច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២១។

ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែតុលា ឆ្នាំ២០២០ ឃើញថា​ កើនឡើងចំនួន ៥០,៧១ ប៊ីលានរៀល (ប្រមាណជា ១២,៥២ លានដុល្លារអាមេរិកស្មើនឹង ៦,៤០%។

សរុបរយៈពេល ១០ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩ ៣៧៧,៩៦ ប៊ីលានរៀល (ប្រមាណជា ២ ៣១៥,៥៥ លានដុលល្លារអាមេរិក) ស្មើនឹង ១០៣,២៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករ​ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ ​ឃើញថា ថយចុះចំនួន ៤៩៩,៥១ប៊ីលានរៀល (ប្រមាណជា ១២៣,៣៤ លានដុល្លារអាមេរិក) ស្មើនឹង -៥,០៥%៕

មតិយោបល់