ព័ត៌មានជាតិ

ក្រុមតាលីបង់ចោទថាវិបត្តិស្បៀងអាហារសព្វថ្ងៃ ជាវិបត្តិបន្សល់ពីរដ្ឋាភិបាល អាហ្វហ្កានីស្ថានមុន

(កាប៊ុល)៖ អនុរដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋាភិបាលតាលីបង់ លោក Abdul Bari Omar បាននិយាយថាវិបត្តិស្បៀងអាហារនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន សព្វថ្ងៃ គឺជា «កេរមរតក» មួយដែលបន្សល់ទុកពីរដ្ឋាភិបាលមុន ខណៈឆ្លៀតរិះគន់សហគមន៍អន្តរជាតិថាមិនបានរក្សាពាក្យសន្យាក្នុងការផ្ដល់ជំនួយ មនុស្សធម៌។

លោក Abdul Bari Omar ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីកាប៊ុល នៅថ្ងៃចន្ទសប្ដាហ៍នេះ។ អនុរដ្ឋមន្ត្រីសុខាភិបាល រូបនេះក៏បានលើកឡើងផងដែរពីទិន្នន័យរបស់កម្មវិធីស្បៀងអាហារពិភពលោក WFP ដែលបង្ហាញថាកុមារអាហ្វហ្កានីស្ថាន ៣.២លាននាក់មានអាយុក្រោម ៥ឆ្នាំ អាចប្រឈមមុខនឹងកង្វះអាហាររូបបត្ថម្ភនៅដំណាច់ឆ្នាំ២០២១នេះ។

អង្គការសហប្រជាជាតិបានព្រមានកាលពីពេលថ្មីៗនេះថាប្រជាជនអាហ្វហ្កានីស្ថានប្រមាណ ២២លាននាក់ នឹងប្រឈមមុខនឹងវិបត្តិខ្វះខាត ស្បៀងអាហារធ្ងន់ធ្ងរ នៅក្នុងរដូវត្រជាក់នេះ៕

ប្រភព៖​​ AFP

មតិយោបល់