ព័ត៌មានជាតិ

ជនជាតិថៃផឹកស៊ីស្រវឹង ផ្ទុះអាវុធ ត្រូវកងរាជអាវុធហត្ថចំនួន ៣នាក់រងរបួស និងឃាត់ខ្លួនជនបង្ក១៥នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារជនទំនើបជនជាតិថៃ បានធ្វើការបាញ់ប្រហារ ក្នុងហេតុការណ៍ជនជាតិថៃទាំងអស់នោះ ដែលបង្កការអុកឡុកនៅក្នុងក្រុងប៉ោយប៉ែត ។

យោងតាមសមត្ថកិច្ចបន្ទាយមានជ័យ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើង​នៅវេលាម៉ោង១១ និង៤៥នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ​ នៅហាងទូកុងទឺន័រ ទល់មុខកាស៊ីណូផារេមិក ទីតាំងរួមរបស់ក្រុមហ៊ុនកាស៊ីណូ Galaxy ប៉ោយប៉ែត ។

ឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណី​ផ្ទុះ​អាវុធនៅប៉ោយប៉ែតនេះ​ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ​ចំពោះជនជាតិថៃមួយក្រុម និង​ក្រុមកាងជនជាតិថៃ ដែលបង្កការអុកឡុក ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណ: ។

លោកបន្តថា ក្រុមបង្ករទាំងនោះបានប្រើដបគប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំង​បាន​ប្រើ​អាវុធបាញ់មកលើសមត្ថកិច្ច ​បណ្តាលឲ្យ​កម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំង​សមត្ថកិច្ច​យើង​ម្នាក់​ត្រូវគ្រាប់កាំភ្លើង ដែលជនបង្ក​បាញ់ធ្លាយថ្ពាល់​និងថ្គាមពីម្ខាងទៅម្ខាង ​រងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ​ដើម្បី​ទប់ទល់​ស្ថានការណ៍ ជា​លទ្ធផល​សមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន ​១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួន​បក្ខពួក​ក្រុមបង្ក ​បញ្ហាបន្តបន្ទាប់ទៀត ។

បើយោងតាមប្រភពនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា​ ហាងខាងលើមានម្ចាស់ជាស្ត្រី ជនជាតិថៃ ​ហើយមានបុរសម្នាក់ខ្មែរ​ តែងតែជួយមើលថែគ្នា ​ដោយបុរសជនជាតិខ្មែរនោះ បានប្រកែក​ជា​មួយជនជាតិថៃ​ ដែលចូលទៅផឹកស៊ីក្នុងហាងនេះ ​ក្រោយមកក៏ឮសម្លេងផ្ទុះអាវុធ​នៅទីនោះផ្នែកខាងលើ ​បង្កឲ្យមនុស្សរត់ប្រសាចផ្អើល​ចេញមកក្រោម ក៏មានរូបភាពប្រតាយប្រតប់​គ្នា ហើយភ្លាមនោះ​មានលេចមុខសមត្ថកិច្ចចុះមកបង្ក្រាប ៕

 

មតិយោបល់