ពោធិ៍សាត់ៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់តាមផ្សារ ដេប៉ូ និងឃ្លាំងដាក់ទំនិញ នៅក្នុងទីរួមខេត្តពោធិ៍សាត់ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ទំនិញខូចគុណភាព និងទំនិញហាមឃាត់ (នំកម្ទេចមី) សរុប ០៧ មុខ ស្មើនឹង ១,៣១០ គីឡូក្រាម បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទំនិញទាំងនោះ យកមកដុតកម្ទេចចោលភ្លាមៗ ហើយបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាពបន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់