ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយធ្វើសកម្មភាពលួចដោះខ្សែកពីក្មេងប្រុសអាយុ៣ឆ្នាំមិនបានសម្រេច

ភ្នំពេញ: ចោរស្ត្រីដៃស្អិតម្នាក់ ត្រូវប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចដោះខ្សែកផ្លាកទីនពីក្មេងប្រុសអាយុ៣ឆ្នាំម្នាក់មិនបានសម្រេច ព្រោះម្តាយឃើញទាន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីជាជនសង្ស័យមានឈ្មោះ ហែម ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះបងប្អូន សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិ កន្ថោ ឃុំកន្ថោ ស្រុកកំពង់ត្រាច ខេត្តកំពត។
ចំណែកជនរងគ្រោះឈ្មោះ ជិន សិរីរ័ត្ន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរស្នាក់នៅបន្ទប់ជួលផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(ជាម្តាយក្មេងប្រុសរងគ្រោះ)។

យោងតាមប្រភពព័ត៌ពីម្តាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បាននាំកូនប្រុសឈ្មោះ អាន អ៊ីងយាកវ៉ៃ ដែលមានអាយុ៣ឆ្នាំដោយមានពាក់ខ្សែកផ្លាកទីន១ខ្សែ ទម្ងន់១ជី ហើយដើចូលក្នុងផ្សារឈូកមាសគោលបំណងទិញអីវ៉ាន់និងទិញម្ហូបពេលដែលកំពុងដើរទិញម្ហូប ស្រាប់តែលេចមុខស្ត្រីសង្ស័យខាងលើកំពុងធ្វើសកម្មភាពដោះខ្សែកពីកូនប្រុសរបស់គាត់។ ភ្លាមនោះគាត់ក៏ស្រែកឆោឡោឡើថាចោរៗគាប់ជួនកម្លាំងសម្ថកិច្ចដែលកំពុងល្បាតនៅទីនោះបានទទួលព័ត៌មានថាមានករណីខាងលើ ក៏ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបានតែម្តង។

លោក ដួង វណ្ណះ នាយប៉ុស្តិ៍នគរបាលគោកឃ្លាងបានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនស្ត្រីជាជនដៃដល់បានហើយក៏នាំខ្លួនយកមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលគោកឃ្លាង ហើយជនដៃដល់បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចដោះខ្សែកពីក្មេងប្រុសរងគ្រោះពិតប្រាកដមែន។

ក្រោយមកលោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត។ ចំណែកខ្សែកផ្លាកទីននោះបានប្រគល់ឲ្យទៅជនរងគ្រោះវិញ៕

មតិយោបល់