ព័ត៌មានជាតិ

បុរសម្នាក់បើកបរក្នុងល្បឿនលឿន រេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលឲ្យដួលបោកក្បាល នៅនឹងថ្នល់ស្លាប់ភ្លាមៗ

ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីបម្រើការងានៅក្នុងហាងយីហោឈ្មោះកុងតឺន័រ បានរួមដំណើរពីក្រោយ រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីហាងផឹកស៊ី គោលបំណងទៅផ្ទះវិញ ក៏ជ្រុលទៅបុកនឹងខឿនផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សុខបញ្ញា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរអ្នកលក់ផលិតផល បច្ចុប្បន្ន ស្នាក់នៅក្នុងបុរីចម្ការដូង២ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីនារីបម្រើការងារ នៅក្នុងហាងយីហោឈ្មោះកុងតឺន័រ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបនាងបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1FM-8149 បានចូលមកផឹកស៊ីនៅក្នុងហាងចំណុចជិតស្តុបឬស្សីផ្អែម បន្ទាប់ពីផឹករួច ជនរងគ្រោះក៏បានជិះម៉ូតូចេញទៅផ្ទះវិញ ស្របពេលដែលនារីបម្រើការងារ នៅក្នុងហាងកុងតឺន័រ ដល់ម៉ោងចេញ ស្រាប់តែជនរងគ្រោះហៅរូបនាង ជូនទៅផ្ទះ ក្រោយមកនារីរូបនោះ ក៏ព្រមទៅ រួចជិះម៉ូតូចេញពីហាងធ្វើដំណើរ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើង ។ ពេលជនរងគ្រោះបានជិះម៉ូតូហូសផ្ទះរបស់នារីខាងលើ ហើយបានបបួលរូបនាងទៅគេងនៅខាងក្រៅ តែរូបនាងមិនព្រម ក៏ជិះម៉ូតូត្រឡប់ក្រោយវិញ ក្នុងល្បឿនលឿនទំនងជាខឹង បានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលឲ្យដួលបោកក្បាល នៅនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកឯនារីអង្គុយពីក្រោយ គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចយកទូរសព្ទជនរងគ្រោះទំនាក់ទំនង រកឃើញសាច់ញាតិ ក៏ធ្វើកំណត់ហេតុប្រគល់សព យកទៅស្រុកកំណើត ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់