ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះអគ្គីភ័យ ឆាប់ឆេះផ្ទះលក់អីវ៉ាន់ចាប់ហួយមួយកន្លែង រងការខូចខាតទាំងស្រុង។ ហេតុការណ៍អគ្គីភ័យនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ផ្ទះជួល ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាបុរសដែលបានស្លាប់ក្នុងអណ្តាតភ្លើង នោះឈ្មោះ ហ៊ីង សំអុន អាយុ៥៤ ឆ្នាំ ជាអ្នករត់ម៉ូតូឌុប និង លក់អីវ៉ាន់ចាបហួយ ត្រូវភ្លើង ឆេះស្លាប់នៅក្នុងបន្ទប់ទឹកមានប្រពន្ធ ឈ្មោះ នាង ហម អាយុ ៥៣ឆ្នាំ មានកូន ប្រុស១ ស្រី១ នៅក្នុងបន្ទុក ។
តាមព័ត៌មានអោយដឹងថានៅមុនពេលកើតហេតុ គេបានឮសម្លេងផ្ទុះហ្គាស ហើយមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយឃើញស្រ្តីជាម្ចាស់ផ្ទះបានរត់ចេញមកក្រៅស្រែកអោយគេជួយ ដោយប្តីបានជាប់នៅក្នុងផ្ទះនោះ ។ភ្លាមៗប្រជាពលរដ្ឋ បានទាក់ទងរថយន្តពន្លត់អគ្គីភ័យ ចេញជួអន្តរាគមន៍ បាញ់ពន្លត់និងបាននាំគ្នា វាយទំលុះជញ្ជាំង ចូលបាញ់ពន្លត់ រួចក៏បានប្រទះឃើញ បុរសជាប្តីបានដេកស្លាប់ក្នុងបន្ទប់ទឹកទៅហើយ។
តាមស្រ្តីជាប្រពន្ធបានអោយសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ គាត់បានបើក ភ្លើង ដាំទឹក រួចដើរមកលាងចាននៅមុខផ្ទះ ។ចំណែកប្តីបានដើរទៅមើលធុងហ្គាស ស្រាប់តែ ផ្ទុះឆេះជាប់ប្តីគាត់នៅ ក្នុងផ្ទះនោះតែម្តង។
លោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថាក្តោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញបានចេញរថយន្តរបស់ការិយាល័យមកដល់ចំណុចកើតហេតុចំនួន០៩គ្រឿង និងប្រើប្រាស់អស់ចំនួន០៦គ្រឿង ស្មើរនឹង២៤ម៉ែត្រគូប ទើបរលត់ជាស្ថាពរ។ លោកនាយការិយាល័យបានបញ្ជាក់ផងដែរថា ចំពោះមូលហេតុបណ្ដាលមកពីផ្ទុះធុងហ្គាស៕
មតិយោបល់